(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់ហាងសម្លៀកបំពាក់មួយកន្លែងយីហោ​ «ខ្ញុំគឺជាជនជាតិខ្មែរ​ NT» នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចផ្ទះលេខ៤៧​ តាមបណ្តោយផ្លូវហាណូយ​ ក្រុមទី៣​ ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យខូចខាតសម្ភារមួយចំនួន និងមិនមានអ្នកណាម្នាក់រងគ្រោះនោះឡើយ។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា​ ដោយនៅក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង​ ០៨ម៉ែត្រគូ​ប​។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មបេតុង ទំហំ​ ​(៤ម៉ែត្រ​ គុណ​ ១០ម៉ែត្រ)​ បានឆេះបន្ទប់ដេរជាន់ទី០១​ ចំនួន​ ០១បន្ទប់,​ ម៉ាស៉ីនដេរចំនួន​ ២០គ្រឿង,​ ម៉ាស៉ីនត្រជាក់​ចំនួន​ ០២គ្រឿង,​ ត្រណាត់មួយចំនួន​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង​ ១០៖៤៥នាទីព្រឹក ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីផ្សារដំបូលធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ៕