(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ក្នុងករណីប្រើអំពើហិង្សាដេញកាប់ជនរងគ្រោះម្នាក់និងម៉ូតូខ្ទេច ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា កាលពីវេលាម៉ោងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង២៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងថា មានជនសង្ស័យ ជាច្រើននាក់(ប្រុស) ដែលរស់នៅភូមិអង្កាញ់, ភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូដេញកាប់កូនខ្លួន ប៉ុន្តែ មិនត្រូវដោយកូនខ្លួនផ្តួលម៉ូតូរត់គេចខ្លន នៅពេលនោះជនសង្ស័យ និងក្រុមបក្សពួកបានរួមគ្នាកាន់ដាវកាប់ម៉ូតូខូចខាតយ៉ាងដំណំ។
លោកអធិការបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ និងបានកសាងសំណុំរឿង និងបានស្តាប់ការបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ១៥និង១០នាទីជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះ ឌុបមិត្តភក្តិទៅរៀននៅសាលាវិទ្យាល័យ ហ៊ុន សែន ក្រោលគោ ពេលកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមាន ជនសង្ស័យជាច្រើននាក់បានជិះម៉ូតូចំនួន៣គ្រឿង កាន់ដាវដេញកាប់រហូត ដល់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខ្លួនក៏ផ្តួលម៉ូតូរត់គេចខ្លួនទាំង៣នាក់ ពេលនោះក្រុមបក្សពួកជនសង្ស័យបានរួមគ្នាកាប់ម៉ូតូខ្លួនខូចខាតយ៉ាងដំណំ។
ក្រោយពីបានស្តាប់ការបំភ្លឺជនរងគ្រោះ និងសាក្សីរួចហើយ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនឧត្តមសេនីយ៍ទោ ស្នងការ និងបានរាយការណ៍សុំយោបល់ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី។
លោក សោម សុភ័ណ្ឌ បានបន្តថា ក្រោយពីបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចុះមកសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រធាតុ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី។
លោកបានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួបរួមគ្នាខ្លះកាន់ដាវខ្លះកាន់ជំពាមកៅស៊ូ ដេញបាញ់ និងកាប់ជនរងគ្រោះមែនប៉ុន្តែជនរងគ្រោះបានផ្តួលម៉ូតូរត់គេចខ្លួន ពួកខ្លួនក៏កាប់ម៉ូតូបណ្តាលឱ្យបាក់បែកខូចខាតមែន។
បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមនឹងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕