(ភ្នំពេញ)៖ កូនខ្មែរសិស្សសាលាក្មេងៗ ដែលបានសិក្សាកម្មវិធី STEM មកពីអាមេរិក ចេះធ្វើរ៉ូបូតយ៉ាងពិសេសដោយប្រើតេឡេបញ្ជា, ពួកគេបានរៀបចំតាំងពិពណ៍ និងប្រកួតគ្នាបង្ហាញសមត្ថភាព យ៉ាងកក្រើកជាមួយ នឹងស្នូរសម្លេងស្រែកហ៊ោរកញ្រ្ជាវ កាលពីចុងសប្ដាហ៍នេះ ក្រោមអធិបតីលោក ដាវ អានសាន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលោក រស់ សាវីតធី នាយកប្រតិបត្តិក្រុម ហ៊ុន រៀលលាននែរ ឯ.ក ដែលនាំចូលកម្មវិធីសិក្សាបែប STEM ឈ្មោះថា RoboThink Robotics។ កម្មវិធីរបស់ RoboThink ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
ស្ថិតក្នុងឱកាសនេះដែរ លោក ដាវ អានសាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់ការអប់រំផ្នែក STEM នេះ ពោលគឺជួយជំរុញឲ្យកាន់តែទូលំទូលាយឡើង ដែលស្របតាមយុទ្ធសាស្ត្រ បង្កើនគុណភាពអប់រំឲ្យកាន់តែល្អឡើង។ សម្រាប់ការប្រកួតរ៉ូបូតរបស់សិស្សក្មេងៗ សិស្សសាលាទាំងនេះ ពិតជាមានមោទនភាពណាស់ ដោយឃើញកូនខ្មែរយើងចេះ ធ្វើរ៉ូបូតប្រកួតគ្នា ដែលចំណុចនេះឃើញថា យើងកំពុងលូតលាស់ហើយ ហើយសង្ឃឹមថា ក្មេងៗសិស្សទាំងអស់ នឹងប្រឹងសិក្សាអស់ពីសមត្ថភាពរបស់ខ្លួន កុំឲ្យចាញ់បរទេស ខណៈដែលកម្ពុជាមានទិសដៅ ធ្វើឲ្យប្រទេសជាតិ ក្លាយជាប្រទេសមានការអភិវឌ្ឍន៍ខ្លាំងក្លា ក្លាយជាប្រទេសមានអភិវឌ្ឍន៍ ពលរដ្ឋមានជីវភាពធូរធារឡើងៗ ហើយសង្ឃឹមថា នៅឆ្នាំ២០៥០ខាងមុខនេះ ក្មេងៗដែលខិតខំទាំងនេះ នឹងអាចមានសមត្ថភាពបង្កើតអាប៉ូឡូបាញ់ ទៅឋានព្រះច័ន្ទជាក់ជាមិនខាន។
ជាមួយគ្នានេះដែរលោក រស់ សាវីតធី នាយកប្រតិបត្តិបានថ្លែងថា ការប្រកួតនេះ ដើម្បីចង់ដឹងពីសមត្ថភាពរបស់សិស្សសាលា ដែលបានរៀនសូត្រកម្មវិធីនេះរួច ដើម្បីឲ្យពួកគេដាក់បង្ហាញតាំងពិពណ៍ស្នាដៃរបស់ពួកគេ និងមានការប្រកួតបញ្ជារ៉ូបូតរបស់ពួកគេផងដែរ។ កម្មវិធីអប់រំបែប STEM ជាកម្មវិធីពិសេសមកពីអាមេរិក ដែលជាមូលដ្ឋានគ្រឹះដ៍ចម្បងសម្រាប់ក្មេងៗអាចសិក្សាដើម្បីក្លាយជាបញ្ញាជន មានខួរក្បាលខ្លាំង ចេះបង្កើតអ្វីថ្មីៗ និងជាមនុស្សដែលមានសមត្ថភាពច្នៃប្រឌិតខ្ពស់ ស្របតាមស្តង់ដាអន្តរជាតិ។
លោកថា ក្រុមហ៊ុនបានយកកម្មវិធីបែប STEM នេះ មកបង្រៀនដល់កូនខ្មែរ តាមរយៈការសហការជាមួយសាលារៀនជាដៃគូរសហការជាច្រើន ដើម្បីចង់ឲ្យធនធានមនុស្សខ្មែរយើង ក្លាយជាមនុស្ស មានខួរក្បាលខ្លាំង មានសមត្ថភាពអស្ចារ្យ ពូកែលើបច្ចេកវិទ្យា ផលិតមនុស្សយន្ត ឧបករណ៍យន្តផ្សេងៗ ពិសេសគឺក្លាយជាវិស្វករអេឡិចត្រូនិចពេញដោយសមត្ថភាព ខណៈដែលវិស័យបច្ចេកវិទ្យា ជឿនលឿនកំរិតខ្ពស់លើវិស័យបញ្ជា Robot ស្តង់ដាពិភពលោកបែបនេះ ត្រូវបានពិភពលោកទទួលស្គាល់ ហើយនៅបរទេសគេរៀនគ្រប់ៗគ្នាដើម្បីក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ ខួរក្បាលខ្លាំង។ តួយ៉ាងដូចជាកាំជ្រួចបាញ់បង្ហោះ ទៅឋានអវកាស ឋានព្រះច័ន្ទ ភពអង្គារ៍ជាដើម សុទ្ធតែត្រូវបានបង្កើតឡើងដោយសិស្សដែលធ្លាប់រៀនកម្មវិធីបែបSTEMនេះដែរ ពោលគឺបច្ចេកទេសមួយនេះ នាំឲ្យមនុស្សកាន់តែខ្លាំង ប្រទេសកាន់តែរីកចម្រើនទៅមុខលឿនលើសពីការគិត ។
លោកអគ្គនាយក បានថ្លែងទៀតថា «កម្ពុជាកំពុងមានការរីចំរើនលើច្រើនវិស័យ ពិសេសវិស័យអប់រំឃើញមានការលូតលាស់និងគុណភាពកាន់តែល្អឡើងៗ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងលើវិស័យនេះ ឲ្យកាន់តែមានប្រសិទ្ធខ្ពស់ឡើងៗ ទើបខាងក្រុមហ៊ុនបានយកកម្មវិធីនេះបង្រៀនដល់កូនខ្មែរ ហើយមានទស្សនៈវិស័យពង្រីកឲ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីផ្ដល់ឱកាសដល់រាល់កូនខ្មែរទាំងឡាយ ដែលស្រលាញ់ខាងបង្កើតរ៉ូបូតបច្ចេកវិទ្យាកម្រិតកំពូល រៀនឲ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាធនធានមនុស្សរបស់កម្ពុជា និងជួយគ្នាកសាងប្រទេសឲ្យរីកចម្រើនទៅមុខលឿនឆាប់រហ័ស»។
លោកបញ្ជាក់ថា អត្ថប្រយោជន៍នៃការសិក្សាកម្មវិធីនេះមិនត្រឹមតែចំណេះដឹងទូទៅលើផ្នែកគ្រឿងយន្តនិងការសរសេរកូដប៉ុណ្ណោះទេ តែកុមារដែលចូលរួមសិក្សាកម្មវិធីនេះ នឹងទទួលបានរួមមានជំនាញគិតពិចារណា ការដោះស្រាយបញ្ហា ចេះភាសាឌីជីថល មានការច្នៃប្រឌិតខ្ពស់ និង ការបង្កើតថ្មី។ RoboThink គឺជាអនាគតសំរាប់មនុស្សជំនាន់ក្រោយ ដែលកម្មវិធីនេះ នឹងជួយឲ្យកុមារធំឡើងក្លាយជាវិស្វករជោគជ័យ និងជាក្តីសុបិន្តរបស់ពួកគាត់។
សូមបញ្ជាក់ថា បច្ចេកវិទ្យា RoboThink នេះ គឺជាកម្មវិធីសិក្សាដែលផ្តោតសំខាន់លើវិស្វកម្មនិងបច្ចេកវិទ្យាស្របតាមកម្មវិធីអប់រំបែបស្ទែម ។ ស្ទែមគឺជាឈ្មោះដែលតំណាងអោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សរសេរកូដ និងគណិតវិទ្យា។ កម្មវិធីអប់រំបែបស្ទែមនេះត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកសិក្សាវ័យក្មេងដើម្បីអភិវឌ្ឍជំនាញចាំបាច់សម្រាប់អនាគតឌីជីថលដែលយើងកំពុងឆ្ពោះទៅមុខ។ នៅក្នុងកម្មវិធីRoboThink គឺផ្តោតលើការសាងសង់គ្រឿងចក្រ បច្ចេកវិទ្យា វិស្វកម្ម សរសេរកូដ និងសរសេរកម្មវិធីដើម្បីបញ្ជាគ្រឿងចក្រនោះ។
ជុំវិញការសិក្សាលើបច្ចេកវិទ្យានេះ ក្រុមសិស្សសាលាដែលមកប្រកួតនេះ បានប្រាប់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមករៀនមុខវិជ្ជាមួយនេះ ព្រោះថាវាធ្វើឲ្យខ្ញុំរីករាយ រំភើបពេលបានរៀន មុខវិជ្ជានេះ ហើយបានចេះបញ្ជារ៉ូបូតដែលបានផលិតដោយផ្ទាល់ខ្លួន ,ណាមួយពេលកំពុងរៀន ខ្ញុំក៍ចេះភាសាអង់គ្លេសថែមមួយកម្រិតទៀតផង។ ការប្រកួតនេះពិតជារំភើបណាស់ ព្រោះបានយកស្នាដៃរបស់ខ្លួន មកប្រកួតយ៉ាងស្វិតស្វាញ និងប្ដេជ្ញាខិតខំរៀនសូត្រឲ្យកាន់តែខ្លាំងឡើងៗ។ ខ្ញុំចង់ប្រាប់ឲ្យកុមារផ្សេងៗទៀត បើចង់ចេះផលិតរ៉ូបូត និងចង់ចេះបញ្ជាវា សូមខិតខំរៀនឲ្យច្បាស់លាស់ និងកុំសូវលេងហ្គេមច្រើនពេក»៕