(ភ្នំពេញ)៖ ក្រោយទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា លោក អ៊ាង សុផល្លែត បានផ្តាំផ្ញើបន្ថែមចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់​ ឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ទី១៖ ត្រូវដឹង, ទី២៖ ត្រូវចេះ និងអនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុជួយជាតិមាតុភូមិ។

ការផ្តាំផ្ញើបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងជំនួបលើកដំបូងរវាងលោក ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទនៃក្រសួងបរិស្ថាន ជាលើកដំបូង។

នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត បានថ្លែងថា ការបំពេញការងារដោយភាពឆ្នៃប្រឌិត វាងវៃបត់បែនទៅតាមជំនាញ និងមានវិន័យ គឺជាដើមចមដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងបរិស្ថាន សម្រេចបាននូវគោលដៅរួម សុក្រឹតកម្មបរិស្ថានកិច្ច។

នាឱកាសនោះដែរលោក អ៊ាង សុផល្លែត បានលើកឡើងថា គោលដៅរួមនេះ រៀបចំឡើងស្របតាមយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផលនឹងរយៈពេលខ្លី។ ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវការធ្វើសុក្រិត្យកម្មបរិស្ថានកិច្ច ដែលមានន័យថា ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ត្រូវតែមូរដៃអាវចុះអនុវត្តការងារ ដោយមិនមានការមើលបំណាំគ្នា ហើយកុំវាយតម្លៃ ឬវិនិច្ឆ័យដោយអគតិឱ្យសោះ ជារួមអាណត្តិនេះ គឺត្រូវផ្តោតលើលទ្ធផល ដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិហើយនេះ ជាការសន្យារបស់ថ្នាក់ដឹកនាំយើងជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ។  

លោកបានបន្តថា ពីព្រោះថាថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន គឺជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ ដែលពួកគាត់បានផ្តល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រសួងបរិស្ថាន ក្លាយជាតំណាង និងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ពួកគាត់។

គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខរដ្ឋសភា បានលើកឡើងថា «កម្មវិធីនយោបាយ» ដែលលើកឡើងអំពីការធានា៥យ៉ាង  របស់រាជរដ្ឋាភិបាល ក្នុងនោះមានការធានាមួយ គឺធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាង ភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវផលលាភ ប្រជាសាស្ត្រ និងការពង្រឹងភាពធន់  នៃប្រជាសាស្ត្រ របស់កម្ពុជា ការលើកកម្ពស់សមភាព យេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ការខិតខំបង្កើន ហិរញ្ញប្បទាន ចីរភាព សំដៅជំរុញ ការវិនិយោគ បៃតង និងសេដ្ឋកិច្ចបៃតង; ការជំរុញ ការវិនិយោគសាធារណៈ ដែលមានភាពធន់ នឹង អាកាសធាតុ និងមានការបញ្ចេញកាបូនទាប និង ការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ៕