(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប និងបន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ឈាង រ៉ា ក៏បានពិនិត្យនូវសម្ភារៈបរិក្ខារដែលបានបំពាក់នៅមន្ទីរពេទ្យ ពិនិត្យមើលការសាងសង់អគារថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន និងសំណេះសំណាលសួរទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវា សុខភាពនៅទីនោះផងដែរ។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យ បានណែនាំដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ឱសថបំប៉នសុខភាព ដែលគ្មានប្រពភច្បាស់លាស់ ដែលបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
ជាមួយគ្នានោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ក៏ដូចជាទូទាំងប្រទេស ត្រូវពិនិត្យឲ្យបានច្បាស់លាស់ត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនណាមួយធ្វើការផ្សព្វផ្សាយ និងលក់នូវផលិតផល ឬឳសថណាដែលគ្មានប្រភពច្បាស់លាស់ចៀសវាងមានផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
សម្រាប់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី លោកសាស្ត្រាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍ដល់មន្រី្ដ-បុគ្គលិក ចំនួន ៩ចំណុច និងចំណុចអាទិភាពចំនួន៣ ក្នុងចំណោមអាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧នេះ ដើម្បីសេវាថែទាំ ឱ្យកាន់តែប្រសើរថែមទៀត។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា «ដើម្បីឲ្យការងារយើងជោគជ័យមន្ត្រីបុគ្គលរបស់យើងត្រូវចេះស្រលាញ់គ្នា សាមគ្គីភាពគ្នា គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍រួម រួមទាំងត្រូវគោរពឋានានុក្រមការងារ។ លើសពីនោះមន្ត្រីបុគ្គលិកយើងត្រូវបុរេសកម្ម ហើយពួតដៃគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ»។
សូមជម្រាបថា ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យវឌ្ឍនការងារនៅតាមមូលដ្ឋានសុខាភិបាល លោករដ្ឋមន្ដ្រី ឈាង រ៉ា ក៏បានស្វែងយល់អំពីដំណើរវិវឌ្ឍនៃការបម្រើសេវាព្យាបាលប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងខេត្ដចំនួនពីរខាងលើនេះ ។ក្នុងនោះលោកសាស្ដ្រាចារ្យ ក៏បានផ្ដល់គន្លឹះនៃព្យាបាលប្រជាពលរដ្ឋ ពិសេសសារៈប្រយោជន៍ការសង្គ្រោះបន្ទាន់ដល់ក្រុមគ្រូពេទ្យ ដើម្បីអនុវត្ដកាន់តែមានប្រសិទ្ធជូនពលរដ្ឋ។
គួររម្លឹកថា បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានអនុវត្ដការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗតែម្ដង។ សម្រាប់ជាជំហានដំបូងនេះ លោកសាស្ដ្រាចារ្យ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៣ ដោយគិតត្រឹមថ្ងៃនេះ គឺបានចុះពិនិត្យនូវដំណើរការងាររបស់មន្ដ្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប ហើយនឹងបន្ដបេសកកម្មការងារទៅខេត្តកំពង់ធំ នៅរសៀលនេះ៕