(ក្រចេះ)៖ គណៈបញ្ជាការឯកភាពស្រុកសំបូរ ដឹកនាំដោយលោក គង់ មេត្តា អភិបាលស្រុកសំបូរ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅភូមិសាស្រ្ដឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ជាលទ្ធផលក្រុមការងារបានចុះចាប់ឃាត់ឈើអារលេខ១ (សុក្រម) ចំនួន២៤ដុំស្មើនឹង ១.៤៤៩ម៉ែត្រត្រីគុណ នៅភូមិសាស្ត្រ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានឃាត់គោយន្តកន្ត្រៃដឹកអុសចំនួន០៣គ្រឿង នៅចំណភូមិត្រាំដុំ ឃុំវឌ្ឍន: ដែលមានម្ចាស់ឈ្មោះ ១៖ ឌួន ម៉េងលីន ភេទប្រុស អាយុ២០ឆ្នាំ ២៖ ឌួន ហួង ភេទប្រុស អាយុ ២១ឆ្នាំ ៣៖ ឃឿន ធី ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំង០៣នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានធ្វើការណែនាំឲ្យបញ្ឈប់ សកម្មភាព ដឹកជញ្ជូនអុស ដោយខុសច្បាប់ហើយឲ្យត្រឡប់ទៅផ្ទះវិញ។

ដោយឡែកគោយន្តកន្ត្រៃចំនួន២គ្រឿង ដឹកជញ្ជូនអុស និងមានរណាយន្តចំនួន០២គ្រឿង បានធ្វើការណែនាំ និងដកហូតរណាយន្តពីម្ចាស់ឈ្មោះ ១៖ ចាន់ លាន ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ជូត ពិសី អាយុ២៥ឆ្នាំ អ្នកទាំងពីរមានលំនៅបច្ចុប្បន្ន នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នវត្ថុតាងមាន៖ ឈើអារលេខ១ (សុក្រម)និងរណាយន្តចំនួន២ គ្រឿង ត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍន:៕