(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានបន្តបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

គួររំឭកថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបើកកិច្ចពិភាក្សាគ្នា១លើករួចមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

ជាលទ្ធផល ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជក បានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានាដែលភាគីទាំងពីរមានចម្ងល់ផងដែរ។

ក្រោយពីការពិភាក្សា និងការសម្របសម្រួលនេះហើយ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

សូមជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ទៅ២២៨ដុល្លារក្នុងមួយខែ៕

ខាងក្រោមនេះជាសេចក្ដីសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ លើកទី២៖