(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្តឹងម្ចាស់ហាង BACK STREET BAR ដែលបានបង្កសំឡេងរំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា៖ ច្រៀងរាំ ចាក់ភ្លេង ហ៊ោរ កញ្ជ្រៀវខ្លាំងៗលាន់លឺ ដល់ម៉ោងជិត៥ព្រឹក។

នៅក្នុងពាក្យបណ្តឹងដែលប្រជាពលរដ្ឋដាក់ទៅអភិបាលខណ្ឌចំការមន បានបញ្ជាក់ថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញហាង BACK STREET BAR, ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សុំប្តឹងម្ចាស់ហាង BACK STREET, BAR ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីការបង្កជាសំលេងរំខានដល់ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ បានជម្រាបជូនអភិបាលខណ្ឌចំការមនមេត្តាជ្រាបថា៖ «ហាងឈ្មោះ BACK STREET BAR មានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្កជាការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានបង្កជាសំលេង រំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេង ហ៊ោ កញ្ជ្រៀវខ្លាំងៗ លាន់លឺបែបអនាធិបតេយ្យមាន យប់ខ្លះរហូតដល់ម៉ោង ៤ ម៉ោង៥ ទាបភ្លឺទៀតផង។ បើទោះបីយើងខ្ញុំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមេភូមិ បានប្រាប់រឿយៗ ទៅម្ចាស់ហាងឈ្មោះ BACK STREET BAR ដើម្បីកុំឱ្យបង្កការរំខានយ៉ាងណាក៏ដោយ ក៏ម្ចាស់ហាងឈ្មោះ BACK STREET BAR នៅតែផ្គើនដដែល»

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះ បញ្ជាក់ថា ហាងឈ្មោះ BACK STREET BAR ដែលមិនព្រមគោរពសិទ្ធិអ្នកជិតខាង ដោយការបង្កជាសំលេងរំខានបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រាករៀងរាល់យប់ របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋរស់នៅជុំវិញ តំបន់នោះ និងសំណូមពរអាជ្ញាធរមេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់ហាង BACK STREET BAR ដើម្បីបញ្ឈប់ការបង្កជាសំលេងរំខានតទៅទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងម្ចាស់ហាង ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមដើម្បីធ្វើការដោះស្រាយ ប៉ុន្តែលទ្ធផល ខាងម្ចាស់ហាង ហាក់ដូចជាពុំមានឆន្ទៈក្នុងការអនុវត្តតាម ការណែនាំរបស់អាជ្ញាធរ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ អភិបាលខណ្ឌចំការមនថា បានធ្វើការសម្របសម្រួលឱ្យម្ចាស់ហាង ត្រូវរៀបចំយ៉ាងណាកុំបំពងសំឡេងខ្លាំង ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលក៏សំណូមពរឱ្យប្រជាពលរដ្ឋ ដែលរងការរំខានពីក្លឹបទាំងនោះ អាចទំនាក់ទំនងទូរស័ព្ទមកលោកផ្ទាល់ គឺលោកត្រូវតែដឹកនាំកម្លាំងអាជ្ញាធរ ចុះទៅពិនិត្យជាក់ស្ដែងជូនប្រជាពលរដ្ឋ៕