(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ក្នុងអាណតិ្ដរាជរដ្ឋាភិបាលទី៧នេះ បើនិយាយអំពីកិច្ចប្រជុំជាលើកដំបូងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ហើយត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិជុំវិញពិភពលោក បានគាំទ្រនិងសាទរយ៉ាងកងរំពងនេះ គឺពិតជាបង្ហាញឲ្យឃើញថា កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដូចបណ្ដាអារ្យប្រទេសនានា លើពិភពលោកយ៉ាងពិតប្រាកដ។

ពីព្រោះកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ជាលើកដំបូងនេះ គឺក្នុងន័យប្រកាសប្រាប់ដល់មហាជនខ្មែរ ដែលជាម្ចាស់ឆ្នោតទូទាំងប្រទេសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលអាណត្ដិទី៧ បានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនដោយរាប់ជាថ្ងៃទី១ ចាប់ពីកិច្ចប្រជុំនេះតទៅ។

លោក រត្ន័ សណ្ដាប់ បន្ដថា នៅក្នុងកិច្ចប្រជុំនេះ ក្នុងការដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយឈរលើកំណែទម្រង់លើវិស័យជាច្រើន ពិសេសជ្រុងនៃការអប់រំ និងការលើកកម្ពស់ឥរិយាបថសីលធម៌សង្គមយ៉ាងមុតស្រួចឲ្យស្រប នឹងសម័យបច្ចេកវិជ្ជាទំនើបដែលពិភពលោកកំពុងតែវិវត្តិយ៉ាងអស្ចារ្យនេះ គឺពិតជាសក្តិសមអារ្យប្រទេសដែលមានខឿនអរិយធម៌ឧត្ដង្គឧត្ដមដ៏បរមបុរាណតាំងសម័យអង្គររៀងមក។

ដូច្នេះចំពោះការរីកចម្រើនវិស័យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ផ្សារភ្ជាប់នឹងការលើកកំពស់ឥរិយាបថសីលធម៌សង្គមរបស់ប្រជាជន គឺជាជវភាពរបស់ចិត្ត អាចប្រព្រឹត្តទៅបានសព្វទិសទីឲ្យមានរបៀបរាបរយ នឹងធ្វើឲ្យពិភពលោក មើលឃើញកម្ពុជាកាន់តែស្រស់ស្អាតផូរផង់ថែមទៀត ដោយហេតុថា «ឥរិយាបថនិងសីលធម៌របស់មនុស្សរស់បែបណា គឺនឹងកំណត់ជោគវាសនាជីវិតមនុស្សរស់បែបនោះ»

ស្ថិតក្នុងន័យនេះ សព្វថ្ងៃដោយស្រុកទេសយើងមានភាពសុខសាន្ដត្រាណ និងសម្បូរសប្បាយ បើសង្គមយើងមានរបៀបរាបរយល្អ និងប្រជាជនរស់នៅមានភាពស៊ីវិល័យប្រកបដោយភាពថ្លៃថ្នូរ គឺជាការទាក់ទាញមួយដ៏សំខាន់ដល់ភ្ញៀវទេសចរណ៍នៃបណ្ដាប្រទេសនានាលើពិភពលោក ឲ្យកាន់តែស្រឡាញ់ចូលចិត្តមកលេងកំសាន្ដច្រើនថែមទៀត៕