(ភ្នំពេញ)៖ លោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសាទរប្រទេសកម្ពុជា ដែលជាប្រទេសដំបូងដែលបានធ្វើសកម្មភាពក្នុងការបេ្តជ្ញាចិត្តរៀបចំខួបលើកទី៧៥ ដោយមានការតែងតាំងជនបង្គោលក្នុងការរៀបចំទិវានេះ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលនេះបង្ហាញពីការឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងគោរពសិទ្ធិមនុស្ស។
ការអបអរសាទរបែបនេះ របស់តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងជំនួបរវាងទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី៧៥ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
នាឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងអំណរគុណលោកស្រីតំណាង OHCHR ដែលតែងតែសហការលើវិស័យសិទ្ធិមនុស្សកន្លងមកនេះ ហើយយើងនឹងបន្តសហការជាមួយគ្នាតទៅទៀត។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ជាការអបអរសាទរខួបលើកទី៧៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបញ្ជ្រៀបសកម្មភាពចំនួន២លើករួចមកហើយ នោះគឺបានរៀបចំសិក្ខាសាលាចំនួន២ ដែលជាយុទ្ធនាការ៣៦៥ថ្ងៃ នោះគឺសិក្ខាសាលាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តបន្ទាយមានជ័យ។
បន្ថែមទៅលើការពិភាក្សាសម្រាប់ការងាររៀបចំអបអរខួបលើកទី៧៥នេះ ភាគីទាំងពីរបានពិភាក្សាលើការងារជាអាទិភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សដូចជា៖
ទី១៖ ការដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៅតាមពន្ធនាគារក្នុងរាជកធានីភ្នំពេញ ដែលជាយន្តការមួយដ៏មានប្រសិទ្ធិភាពសម្រាប់អោយជនជាប់ឃុំអាចរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបាន។
២៖ ការដាក់ឱ្យប្រើប្រាស់ ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត។
៣៖ ការងារអាយឆា (AICHR) ដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីដល់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)ទទួលបន្ទុក ដែលមកដល់ពេលនេះ គ.ស.ម.ក. បានរៀបចំនឹងដឹកនាំកិច្ចប្រជុំសំខាន់ៗប្រចាំឆ្នាំ និងចូលរួមកិច្ចប្រជុំផ្សេងៗទៀត។
៤៖ ការរៀបចំបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យ ស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលគ្រោងនឹងបង្កើតនៅពេលខាងមុខ។
លោកស្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សង្ឃឹមនឹងសំណូមពរឱ្យរក្សាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បច្ចុប្បន្នដោយយោងទៅលើភាពចាំបាច់ បើទោះជាគណៈកម្មាធិការជាតិសិទ្ធិមនុស្សត្រូវបានបង្កើតឡើងក៏ដោយ។
លោកស្រី រួអេដា អិល ហាច បានសង្ឃឹមថាស្ថាប័នទាំងពីរនឹងសហការជាមួយគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីរបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)នាពេលខាងមុខ។
ជាកិច្ចបញ្ចប់ ទេសរដ្ឋមន្ត្រី បានជម្រាបទៅកាន់តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា លោកមានជំនឿជឿជាក់ទៅលើសមាសភាពរាជរដ្ឋាភិបាលដោយសារតែ លោកជឿជាក់លើសមត្ថភាពដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជ រដ្ឋាភិបាល ជាពិសេសលើវិស័យសិទ្ធិមនុស្សនេះតែម្តង៕