(ភ្នំពេញ)៖ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា-ISU-APMBC) និងជាតំណាងឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាទាំងអស់ចំនួន ១៦៤ប្រទេស បានគាំទ្រចំពោះទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ព្រមទាំងបានប្តេជ្ញាបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ផងដែរ។
ក្នុងជំនួបជាមួយទេសរដ្ឋមន្ត្រី លី ធុជ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្នាក់ការអាជ្ញាធរមីន លោកក៏បានសម្តែងនូវអំណរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវសភាបោះឆ្នោតជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោក Juan Carlos Ruan បានបន្តថា បេសកកម្មមកកម្ពុជារបស់គណៈប្រតិភូនៃអនុសញ្ញាអូតាវ៉ា-ISU-APMBC នាពេលនេះ គឺផ្តោតសំខាន់លើដំណើរការធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំរបស់កម្ពុជា សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ អនុសញ្ញាអូតាវ៉ា ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលមានតំណាងមកពីប្រទេសជារដ្ឋភាគីចំនួន១៦៤ និងស្ថាប័នអន្តរជាតិជាច្រើនទៀតចូលរួម ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ត្រូវបានសម្រេចជ្រើសតាំងជាប្រធានតែងតាំង (Designated President)។
ក្នុងនាមឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចបាននូវកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។
ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តទៀតថា ដោយមានការគាំទ្រពី ISU-APMBC និងសហគមន៍អឺរ៉ុប-កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូមកពី ៤០ប្រទេស ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» នាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានតែងតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ទេសរដ្ឋមន្រ្តី បានពាំនាំនូវសាររបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជូនដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា និងបានអះអាងថាកម្ពុជាបានត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ក្នុងនាមជាប្រធានដឹកនាំ និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ អនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប នាឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញាអូតាវ៉ាចាប់ពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ហើយក៏បាននឹងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងទទួលបាននូវការវាយតម្លៃខ្ពស់ពីគ្រប់រដ្ឋភាគី៕