(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កើត «មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា» រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គការ GIZ ប្រចាំកម្ពុជា វិស័យឯកជន ធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។
កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់មួយនៃការគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសកិច្ចការអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startup), ការកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕