(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីចាក់បេតុងតភ្ជាប់ស្ពានកោះធំ ដែលជាស្ពានថ្មីមួយទៀត ដែលឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងពិធីចាក់បេតុងតភ្ជាប់នេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ប៊ូ ជាហ្គូ ឯកអគ្គរដ្ឋទូតចិន ដែលជិតបញ្ចប់អាណត្តិការងារនៅកម្ពុជាផងដែរ។
សូមជំរាបថា ស្ពានកោះធំ មានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជា ២.៨លានដុល្លារអាមេរិក។ ស្ពានមានទីតាំងចាប់ពីត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិ លេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ តភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្របមាត់ទន្លេ នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
តួស្ពាននេះ មានប្រវែងសរុប ៤១៥ម៉ែត្រ និងមានទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ក្នុងទទឹង ១៣.៥០ម៉ែត្រនេះ មានផ្លូវរថយន្តទទឹង ៣.៥០ម៉ែត្រ មាន ០២គន្លង ផ្លូវម៉ូតូទទឹង ១.៩០ម៉ែត្រ មាន០២គន្លង ផ្លូវថ្មើរជើងទទឹង ១.៣៥ម៉ែត្រ មាន ០២គន្លង ហើយផ្ទៃខាងលើ នៃស្ពានក្រាលបេតុងកៅស៊ូកម្រាស់ ០៥សង់ទីម៉ែត្រ។
ស្ពានកោះធំ ត្រូវបានសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអាន របស់ប្រទេសចិន ដែលត្រូវប្រើរយៈពេលសាងសង់ ៣៦ខែ ចាប់ផ្ដើមពីខែមីនា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នាចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ២០១៧ ខាងមុខនេះ៕