(ភ្នំពេញ)៖ បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប។

ក្នុងកិច្ចសម្ភាសជិត ២០នាទី ជាមួយបណ្តាញព័ត៌មាន Fresh News លោករដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងថា «រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា ៥ គោលដៅយុទ្ធសាស្រ្ត ៥ និងអាទិភាពគន្លឹះ ៥ ដោយក្នុងបានផ្តោតសំខាន់លើវិស័យសុខាភិបាលជាអាទិភាពទី១ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនយើង ជាពិសេសការផ្ដល់សេវាសុខភាពបម្រើ ជូនប្រជាពលរដ្ឋ ទៅដល់ភូមិ-ឃុំ ស្រុក តាមមូលដ្ឋាន។ ដូច្នេះហើយបានជាក្រុមការងាររបស់យើង បានយកចិត្ដទុកដាក់ខ្ពស់ និងចុះមកដោយផ្ទាល់ដល់មូលដ្ឋានសុខាភិបាល បន្ទាប់ពីខ្ញុំធ្វើការនៅក្នុងក្រសួងបានមួយថ្ងៃ ក្រោយប្រជុំគណៈរដ្ឋមន្រ្តី»

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្តថា លោកនឹងបន្តដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យមើលស្ថានភាពមូលដ្ឋានសុខាភិបាល នៅទូទាំងប្រទេស តែជាជំហានដំបូងនេះ គឺចុះនៅខេត្តជុំវិញបឹងទន្លេរសាប ដូចជាខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។

ដើម្បីជ្រាបកាន់តែច្បាស់ពីការចុះបេសកកម្មលើកដំបូង របស់លោករដ្ឋមន្ត្រី ឈាង រ៉ា សូមទស្សនានូវកិច្ចសម្ភាសដូចតទៅ៖