(ពោធិ៍សាត់)៖ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តពោធិ៍សាត់ រួមនិងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានបើកវេទិកាជួបសំ សំណេះសំណាលមួយជាមួយកម្មការិនីរោងចក្រកាត់ដេរប្រមាណ ៣០០នាក់នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចសំណេះសំណាល នេះ ដើម្បីបានស្វែងយល់ពីទុក្ខលំបាករបស់កម្មការិនីបម្រើការក្នុងរោងចក្រ ក៏ដូចជាជម្រាបទៅកម្មការិនីឲ្យជ្រាបពីការប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលទៅលើសុខទុក្ខរបស់កម្មការិនី ក៏ដូចជាការប្រឹងប្រែងអភិវឌ្ឍន៍លើវិស័យកាត់ដេរផងដែរ។
លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ បានថ្លែងក្នុងកិច្ចសំណេះសំណាលនាថ្ងៃអាទិត្យ ទី០៧ ខែសីហាថា រោងចក្រកាត់ដេរតៃអ៉ីហ្ស៊ី មានមូលដ្ឋានក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត មានអាគារចំនួន ៧អគារ កម្មករកម្មការិនីចំនួន ៦,៦៨០នាក់ ហើយនៅពេលខាងមុខនឹងបើក ២អគារទៀត ដែលអាចទទួលកម្មករកម្មការិនីចំនួន ២,០០០នាក់បន្ថែមទៀត។ កម្មករកម្មការិនីដែលបានធ្វើការនៅរោងចក្រកាត់ដេរតៃអ៉ីហ្ស៊ី ទទួលបានប្រាក់គោលក្នុងម្នាក់ ១៤០ដុល្លារ ក៏ប៉ុន្តែនៅពេលបើកប្រាក់ខែទទួលបាន ២០០ ទៅ ៣០០ដុល្លារ ដោយសារកម្មករកម្មការិនីធ្វើការបន្ថែមម៉ោង និងការឧបត្ថម្ភផ្សេងៗពីក្រុមហ៊ុន។ កម្មការនីទាំង ៣០០នាក់ ដែលលោកអភិបាលខេត្ត និង លោកស្រីតំណាងរាស្ត្រ បានជួបសំណេះសំណាលនាពេលនេះ គឺជាអ្នកជួលផ្ទះស្នាក់នៅបណ្តោះអាសន្ននៅជិតក្បែរនឹងរោងចក្រ ភាគច្រើនមកពីបណ្តាខេត្ត និងស្រុកឆ្ងាយៗ។
លោកស្រី ឯម ប៉ុណ្ណា និងលោក ម៉ៅ ធនិន បានថ្លែងថា ការចុះសួរសុខទុក្ខ និងសំណេះសំណាលនាពេលនេះ គឺជាលើកទី២ហើយ ចាប់តាំងមកគ្រប់គ្រងរដ្ឋបាលខេត្ត រយៈពេលជាង ២ឆ្នាំ តែគួរឲ្យសោកស្តាយ ព្រោះថាការជួបជុំគ្នាមិនបានទាំងអស់ ដោយសារកម្មករកម្មការិនី មានការមមាញឹក គឺបានត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ។
លោកស្រីតំណាងរាស្ត្រ និងលោកអភិបាលខេត្ត បានលើកឡើងថា រយៈពេល ៣៨ឆ្នាំនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងនោះក៏មានវិស័យឧស្សាហកម្មកាត់ដេរផងដែរ ដែលវិស័យនេះចាត់ទុកជាវិស័យអាទិភាពទី១ ដែលទទួលបានប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ពិសេសស្រ្តីមានមុខរបរ មានការងារធ្វើច្បាស់លាស់ និងបានប្រាក់ចំណូល សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និង កាត់បន្ថយភាពក្រីក្រ។
លោកស្រីតំណាងរាស្ត្រ និងលោកអភិបាលខេត្ត ក៏បានបើកទូលាយសម្រាប់បងប្អូនកម្មករកម្មការិនី ជួបប្រាស្រ័យទាក់ទងគ្រប់ពេលវេលា ដែលមានបញ្ហាប្រឈមនានា ពាក់ព័ន្ធជាមួយរោងចក្រ និងការងារប្រចាំថ្ងៃ ដើម្បីរួមដោះស្រាយដោយសន្តិវិធី។ លោកស្រ្តីតំណាង រាស្រ្តថា «យើងគឺជាគ្រួសារតែមួយ ត្រូវតែដោះស្រាយ និងជួយគ្នាទៅវិញទៅមក»។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានថ្លែងទៀតថា អ្វីដែលរដ្ឋបាលខេត្តផ្តោតការយកចិត្តទុកដាក់បំផុតនោះ សូមឲ្យកម្មករកម្មការិនី ត្រូវចេះរួបរួមសាមគ្គី គោរពពេលវេលា ជួយគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាឲ្យរោងចក្រ និងការងាររបស់យើង ដំណើការទៅមានភាពរលូន ខំរកប្រាក់ចំណូលចិញ្ចឹមក្រុមគ្រួសារឲ្យមានសុភមង្គល និងចូលរួមបង្ការទប់ស្កាត់នូវគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង គ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ និងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ព្រមទាំងទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា។
ក្នុងខណៈនោះលោក ម៉ៅ ធនិន បានផ្តល់វត្ថុអនុស្សាវរីយ៍សារុងម្នាក់មួយ ដល់កម្មករកម្មការិនីចំនួន ៣០០នាក់ ដែលជាអំណោយផ្ទាល់របស់លោក និងលោកស្រីផងដែរ៕