(ត្បូងឃ្មុំ)៖ កម្លាំងគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ ម៉ាក ESSE មួយកន្លែង និងឃ្លាំងស្ដុកបារីមួយកន្លែងទៀត គ្មានច្បាប់អនុញ្ញាតនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ផ្លូវចូលមាត់ច្រកទា្វរភាគីដា។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មន្ត្រីកងរាជអាវុធហត្ថខេត្ត, មន្ត្រីស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ។

បើតាមសេចក្ដីរាយការណ៍ នៅក្នុងពេលប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច មានឧកញ៉ាម្នាក់ បានទូរស័ព្ទមកគំរាមសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ច ប៉ុន្ដែការគំរាមតាមទូរស័ព្ទមិនមានប្រសិទ្ធភាពឡើយ ពោលកម្លាំងសមត្ថកិច្ចនៅតែបន្ដប្រតិបត្តិការ ហើយអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុតចំពោះសកម្មភាពខុសច្បាប់នេះ៕