(កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើដំណើរទស្សនកិច្ច ជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺលើកទី១៖ ចុះពិនិត្យទីតាំងដាំកូនឈើ, ទី២៖ បន្តចូលដុតធូបនៅព្រះអង្គគោកធ្លក បន្ទាទី៣៖ ពិនិត្យមើលតំបន់អាណាធិបតេយ្យក្នុងឧទ្យានជាតិគិរីរម្យ, ទី៤៖ បន្តមើលទីតាំងឧទ្យានបោះតង់គិរីរម្យ និងទី៥៖ ចុះជួបពិនិត្យមើលសហគមន៍ចំបក់ និងសិប្បកម្មកែច្នៃឬស្សី។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ដែលអមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីឧទ្យាជាតិ ក៏បានចុះទៅពិនិត្យទីតាំងដាំកូនឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ។ ជាលទ្ធផលការចាក់ដី បំពេញកសិណខាងក្នុង និងខាងក្រៅ សម្រេចបានលទ្ធផលជិត ៩០% ហើយ ដោយឡែកចំពោះការដាំស្មៅ និងដើមឈើ នឹងសម្រេចឱ្យបានត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។
គួររម្លឹកជូនថា ក្រសួងបរិស្ថានបានសម្រេចដាំដើមឈើប្រមាណជិត ២ម៉ឺនដើម នៃផែនការសរុបប្រមាណ ៣ម៉ឺនដើម លើផ្ទៃដីជាង ២ហិកតា ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ៕