(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានជនសង្ស័យមួយក្រុម ជិះរថយន្ត៣គ្រឿង បានធ្វើសកម្មភាព ចាប់បុរសជនជាតិចិនម្នាក់ ចេញពីផ្ទះវីឡាមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃដដែល កម្លាំងជំនាញ បានទទួលព័ត៌មានថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យដោះលែង ដោយជនរងគ្រោះរងរបួសបន្តិចបន្តួច ហើយកំពុងព្យាបាលនៅមន្ទីពេទ្យ ថៃខាង ទើបកម្លាំងសមត្ថកិច្ចបានទៅជួបជនរងគ្រោះ។

ជនរងគ្រោះបានរៀបរាប់ឲ្យសមត្ថកិច្ចដឹងថា គាត់ត្រូវបានក្រុមជនសង្ស័យចាប់ដាក់ចូលក្នុងរថយន្ត ហើយដកហូតយកទូរស័ព្ទដៃរបស់គាត់២គ្រឿង និងបានវេលុយចេញពីគណនីធនាគារ ហួយហ័ង របស់គាត់ រួចនាំយកទៅផ្ទះវីឡាមួយកន្លែងដែលនៅម្តុំអូរ២ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានប្រហែលជា១០នាទី ទើបនាំយកគាត់ទៅអគារមួយកន្លែងដែលនៅក្រោយសណ្ឋាគារ ណានហៃ ស្ថិតនៅភូមិ១ សង្កាត់៣ រួចបង្ខាំងគាត់ទុកក្នុងបន្ទប់មួយ បន្ទាប់មកក្រុមជនសង្ស័យបានវាយធ្វើបាបរូបគាត់ដោយប្រើដំបងឆក់ រហូតដល់វេលាម៉ោងប្រហែល១០ ទើបក្រុមជនសង្ស័យដោះលែងរួចគាត់ ដោយដឹករូបគាត់ដាក់ចោលនៅតាមផ្លូវនៅជិតកាស៊ីណូ តាស៊ីកាង ស្ថិតនៅភូមិ១ សង្កាត់៣។

បន្ទាប់ពីស្តាប់ចម្លើយជនរងគ្រោះរួច កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅធ្វើការត្រួតពិនិត្យនៅផ្ទះវីឡាដែលនៅម្តុំអូរ២ តែនៅក្នុងផ្ទះមិនមានមនុស្សទេ បន្ទាប់មកក៏មានបុរសជនជាតិចិនម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស្លាកលេខ2BW-1986 មកដល់ ដោយបុរសជនជាតិចិននោះក៏ស្នាក់នៅបន្ទប់មួយ ក្នុងបរិវេណផ្ទះវីឡានោះដែរ។

ក្រោយបានចូលត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញ ជញ្ជីងថ្លឹង២គ្រឿង និងថង់សម្រាប់វេចខ្ចប់ មួយចំនួន (សង្ស័យសម្រាប់ថ្លឹង និងវេចខ្ចប់សារធាតុញៀន) នៅក្នុងបន្ទប់របស់បុរសជនជាតិចិនម្នាក់នោះ ទើបឃាត់ខ្លួនយកមកធ្វើការសាកសួរ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕