(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៖៥០នាទីរំលងអាធ្រាត្រចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអ្នកចុច Like កើនដល់ចំនួនជាង៥លាននាក់ ជាតួលេខខ្ពស់កប់ជាងគេនៅប្រទេសកម្ពុជា។ ការគាំទ្រនេះកាន់តែកើនខ្លាំងឡើងៗ ពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រុមយុវវ័យតែម្តង។ ប្រជាប្រិយភាពសម្តេចតេជោ ពេលនេះកំពុងមានសន្ទុះកើនឡើង ដោយសារតែភាពសាមញ្ញច្បាស់លាស់ ប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ និងហ្មឺងម៉ាត់ក្នុងការដឹកនាំប្រទេស។
សកម្មភាពដ៏រស់រវើករបស់ប្រមុខរាជរដ្ឋាភិបាល អំពីការដឹកនាំការងារប្រចាំថ្ងៃ សម្រាប់ប្រទេសជាតិ ទទួលបានការទាក់ទាញប្រជាប្រិយភាព និងគាំទ្រយ៉ាងខ្លាំង ទាំងអ្នកចូលមើល និងចុច Like, Comment និង Share យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។ ពលរដ្ឋកម្ពុជា ជាពិសេសយុវជនកាន់តែ មានភាពជិតស្និទ្ធ និងទទួលបាននូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសម្តេចតេជោ។ Facebook សម្តេចតេជោ គឺបានផ្តល់នូវដំណោះស្រាយ ល្អៗជាច្រើនដល់ប្រទេសជាតិ។ ប្រជាពលរដ្ឋសប្បាយចិត្ត និងពេញចិត្តចំពោះចំណាត់ការដ៏ត្រឹមត្រូវ របស់សម្តេច កន្លងមក ដែលលើកតម្កើង ផលប្រយោជន៍សង្គមជាតិជាធំ។
សកម្មភាព និងពាក្យពេចន៍ សម្តេចតេជោ ក្នុងបណ្តាញសង្គម Facebook គឺផ្តល់នូវការអប់រំ ដាស់តឿន ជំរុញលើកទឹកចិត្តដល់ពលរដ្ឋ និងយុវជនឲ្យធ្វើអំពើល្អ គោរពច្បាប់ និងចូលរួមកសាងសង្គមជាតិឲ្យរីកចម្រើន ផ្តល់នូវដំណោះស្រាយបានលឿន និងមានប្រសិទ្ឋិភាពជូនពលរដ្ឋ ទៅតាមការជឿនលឿននៃបច្ចេកវិទ្យា (E-Government) ដែលនឹងកាត់បន្ថយអំពើពុករលួយ អយុត្តិធម៌ និងភាពអសកម្មនៃការងារជាដើម។
អ្នកប្រើប្រាស់ Facebook ជាច្រើនរូបបានលើកឡើងថា ពួកគេពិតជាទទួលបានព័ត៌មានថ្មីៗភ្លាមៗ ពីសកម្មភាពរបស់សម្តេច បូករួមទាំងការ Live ព័ត៌មានពីកម្មវិធីផ្សេងៗ របស់សម្តេចដែលបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីផ្សេងៗជាច្រើន។ ដែលការ Live ព័ត៌មាននៅលើ Facebook នេះ កម្រនឹងឃើញមានមេដឹកនាំលើពិភពលោកបង្ហាញដូច្នេះទេ។ ក្រៅពីនោះមានកម្មវិធីកំសាន្តផ្សេងៗ និង ខ្ញុំជាយុវវ័យកម្ពុជា ដែលតែងតែផ្តល់រង្វាន់ល្អៗ ដល់យុវជនរបស់យើង។ សកម្មភាពរបស់សម្តេច បានបង្ហាញពីសកម្មភាពដ៏រស់រវើក និងប្រតិបត្តិការងារ ជាប្រចាំទាក់ទាញការចូលទស្សនាព័ត៌មាន និងរូបភាពរបស់សម្តេច ហេតុនេះបានជា Facebook របស់សម្តេចទទួលបានការគាំទ្រ (Like) កើនឡើងយ៉ាងឆាប់រហ័សនេះ។
ចាប់តាំងពីថ្ងៃប្រកាសផ្លូវការ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ Facebook របស់សម្តេចតេជោ ហ៊ុន សែន ដែលមានចំនួន១លាននាក់ រហូតមកដល់ពេលនេះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ មានចំនួនដល់៥លាននាក់ហើយ៕