(ភ្នំពេញ)៖ ម្ចាស់ជ័យលាភីលេខ១ លើការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023 ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែងមនុស្សយន្តលើកដំបូង បានទៅលើក្រុមជប៉ុន។
ព្រឹត្តិការណ៍នេះមានការចូលរួមបណ្តាប្រទេស ចិន ជប៉ុន ឥណ្ឌា អេហ្ស៊ីប ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា។
នៅក្នុងកម្មវិធីការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023 បានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបណ្តាលថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមទាំងថ្នាក់ដឹកនាំក្រុមបច្ចេកវិទ្យាមួយចំនួនផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងនេះ ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងទប់ស្កាត់ជំងឺកូវីដ១៩ជាដើម ដែលនេះដោយសារតែកត្តាសុខសន្តិភាព យ៉ាងពេញលេញ។
លោក នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ជាអន្តរជាតិនៅពេលនេះ គឺជាឱកាសដ៏ប្រសើរសម្រាប់កម្ពុជា សម្រាប់ក្មួយៗ និងបងប្អូនទាំងអស់គ្នា បង្ហាញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន លើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកំពុងតែមាន ការរីកចម្រើនយ៉ាងរហ័សនាសម័យឌីជីថលនេះ។ ការកើនឡើងនូវឌីជីថល ពាណិជ្ជកម្ម រ៉ូបូត និងរូបនីយកម្មឌីជីថល គឺជាកត្តាដ៏សំខាន់គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើង និងបន្តលើកកម្ពស់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយនិរន្តរភាពបច្ចេកវិទ្យាថ្មីៗ ទាំងនេះកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងសេដ្ឋកិច្ចរបស់កម្ពុជាប្រកប ដោយនិរន្តរភាពបច្ចេកវិទ្យាថ្មីៗ កំពុងដើរតួនាទីនៅក្នុងផលិតកម្ម និងជាសក្តានុពលមួយដ៏ខ្លាំងនៃកម្លាំងពលកម្មរបស់មនុស្ស។
លោក ហេង សួរ បានបង្ហាញក្តីសប្បាយរីករាយ ដែលវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ។
លោកបានចាត់ទុកថានេះជាមោទនភាព ដែលបានឃើញប្អូនៗនិស្សិតរបស់យើង បានបញ្ចេញសមត្ថភាពប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលជាការបញ្ជាក់ឱ្យឃើញពីចក្ខុវិស័យដ៏ត្រឹមត្រូវ ឥតខ្ចោះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាទិភាពវិនិយោគលើវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា «សូមបងប្អូន និងជនរួមជាតិយល់ថា ការរៀបចំការប្រកួតនេះ ធ្វើឡើងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលឯកឧត្តកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបបានប្រកាសអនុវត្តពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ដោយបន្ថែម “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះថ្មីមួយទៀតលើ មនុស្ស ផ្លូវ ទឹក ភ្លើង សំដៅជំរុញលើការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ បច្ចេកទេស ការស្រាវជ្រាវ និងនវានុវត្ត ស្របតាមចរន្តឌីជីថលនីយកម្ម នៅទូទាំងសកលពិភពលោក»។
បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តថា «បើទោះបីនិស្សិតរបស់យើងមិនទទួលបានជ័យលាភី ក្នុងការប្រកួតក្តី ប៉ុន្តែការឡើងមកដល់វគ្គជម្រុះ៨ក្រុមចុងក្រោយនេះ បានបង្ហាញថា និស្សិតយើងមានសមត្ថភាពខ្ពស់ និងត្រដំត្រសងជាមួយនឹងនិស្សិតបណ្តាប្រទេសធំៗ ដែលមានបច្ចេកវិទ្យាជឿនលឿនរួចទៅហើយ។ ខ្ញុំក៏សូមជូនពរដល់និស្សិតរបស់យើង ដែលបានចូលរួមប្រកួតនៅថ្ងៃនេះ ឱ្យមានសុខភាពល្អ ហើយមិនត្រូវបាក់ទឹកចិត្តនោះទេ»។
លោក ហេង សួរ ក៏សូមអំពាវនាវឱ្យនិស្សិតរបស់កម្ពុជា បន្តអភិវឌ្ឍជំនាញ ពង្រឹងសមត្ថភាព និងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអាចទទួលបានជ័យលាភី ក្នុងការប្រកួតនៅឆ្នាំក្រោយ ដែលប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះលើកទី៨ នៃកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ(ABU Robocon 2024)។
សូមជម្រាបជូនផងដែរថា ប្រទេស និងដែនដីទាំង ១៣ ស្មើនឹង១៤ក្រុម ដែលបានចូលរួមប្រកួតនៅកម្ពុជា រួមមាន៖ ប្រទេសកម្ពុជាមាន២ក្រុម ចិន អេហ្ស៊ីប ដែនដីហុងកុងនៃប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា ថៃ និងប្រទេសវៀតណាម លើវិញ្ញាសាដែលបានកំណត់ ដោយព្រះរាជាណាចក្រកម្ពុជា ពោលគឺ «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតបោះកងចូលក្នុងបង្គោល» ដោយជ័យលាភីលេខ១ បានទៅលើជប៉ុន លេខ២ ហុងកុង និងលេខ៣ ស្ទួន ចិន និងវៀតណាម៕