(កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៧ សីហា ឆ្នាំ២០២៣ បានចុះពិនិត្យមើលជាក់ស្តែងនូវគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងសម្ភារមួយចំនួនទៀតសម្រាប់បម្រើឲ្យការងារជួសជុលថែទាំនៅមូលដ្ឋានជម្រកគ្រឿងចក្រ និងម៉ាស៊ីនបូមទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សកម្មភាពនេះមានការចូលរួមអមដំណេីរពីលោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អគ្គនាយកស្តីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ប្រធាន និងអនុប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននិងអនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសដំណេីរចុះពិនិត្យនោះដែរ ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធទាំង២ ក៏បានធ្វេីសេចក្តីរាយការណ៍ដោយសង្ខេបនូវចំនួនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត ក៏ដូចជាការងារជួសជុលថែទាំ និងកិច្ចការងារអន្តរាគមន៍។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំ និងផ្តាំផ្ញេីបន្ថែមទៅប្រធាននាយកដ្ឋានទាំង២ខាងលេីថា ចំពោះរាល់គ្រឿងចក្រទាំងទេីបទទួលបានថ្មី ត្រូវតែថែរក្សា បែងចែក និងចុះបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវច្បាស់លាស់។
បន្ថែមពីលេីនេះទៀត ចំពោះអគារទាំង២ក្នុងជម្រកនេះ រួមមាន៖ អគារនាយកដ្ឋានវិស្វកម្ម និងអគារនាយកដ្ឋានធារាសាស្ត្រកសិកម្ម
ត្រូវតែរៀបចំឲ្យមានមន្រ្តីប្រចាំការ និងរៀបចំបន្ទប់ការិយាល័យធ្វើការឲ្យមានរបៀបរៀបរយសម្រាប់គ្រប់គ្រងទិន្នន័យចុះបញ្ជីគ្រឿងចក្រ ម៉ាស៊ីនបូមទឹក សម្ភារបរិក្ខារ និងគ្រឿងបន្លាស់នានា ដេីម្បីបង្កលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង និងត្រៀមរួចជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍បន្ទាន់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ ជាពិសេសត្រូវតែបង្កេីតបទដ្ឋានការងារជួសជុល និងថែទាំ ពីព្រោះការងារនេះ គឺជាការងារស្នូលសម្រាប់កិច្ចការងារអន្តរាគមន៍នានា ដែលពួកយេីងទាំងអស់គ្នាជាមន្ត្រីបច្ចេកទេស ត្រូវបង្កេីនការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាព រួមទាំងសណ្តាប់ធ្នាប់បបន្ថែមឲ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស ថែមទាំងឲ្យមាននូវការបណ្តុះបណ្តាលជំនាញបន្ថែមដេីម្បីរកអ្នកបន្តវេន ជាមួយនឹងការលេីកទឹកចិត្តផ្សេងៗ ដោយអាចបញ្ចូលឈ្មោះពួកគាត់ជាមន្ត្រីបុគ្គលិកបណ្ដែតផងដែរ។
សូមបញ្ជាក់ថា ប្រឡាយលេខ៩៤ និង៩៦ គឺមានសារៈសំខាន់សម្រាប់ធ្វើការដោះជំនន់ទឹកភ្លៀង បញ្ចៀសការលិចលង់ខណ្ឌមួយចំនួនរបស់រាជធានីភ្នំពេញ មួយផ្នែកនៃស្រុកកណ្ដាលស្ទឹងនិងក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះជំនន់ទឹកភ្លៀងធ្លាក់ចូលតំបន់ទំនាប។
ក្នុងស្ថានភាពនៃការបេីកមុខទឹកបន្ថែមនៃប្រឡាយទាំង២ គឺជាកត្តាសំខាន់ ត្រូវយកចិត្តទុកដាក់សិក្សាបន្ថែម ដែលអាចជួយរំដោះបានទឹកជំនន់ទឹកភ្លៀង បង្កឲ្យមានការលិចលង់ភូមិសាស្ត្រខណ្ឌ ស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនាំឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធសាធារណៈរបស់រដ្ឋ រោងចក្រសហគ្រាស ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិត និងជីវភាពសេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចបញ្ចៀសបាននូវគ្រោះមហន្តរាយ ជាពិសេសជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតដែលកើតមានស្ទើរជារៀងរាល់ឆ្នាំ ដែលបង្កឲ្យមានហានិភ័យលិចលង់ដល់ហេដ្ឋារចនាសម្ពន្ធសាធារណៈ ក៏ដូចជារបស់ប្រជាពលរដ្ឋក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគតផងដែរ៕