(ភ្នំពេញ)៖ ដោយសារតែស្រលាញ់ឧបករណ៍ភ្លេងបុរាណខ្មែរ និងចង់លើកស្ទួយមរតកវប្បធម៌ខ្មែរឲ្យល្បីរន្ធឺនោះ បានធ្វើឲ្យលោក សួន សុភ័ក្ត្រ សម្រេចចិត្តចាប់យកជំនាញផ្នែកតូយ៌តន្ត្រី សម្រាប់ថ្នាក់អនុបណ្ឌិត។ លោកកំពុងតែសិក្សា និងស្រាវជ្រាវ ក្នុងការសរសេរនិក្ខេបបទរបស់ខ្លួន នៅរាជបណ្ឌិតសភាកម្ពុជា។
អតីតកុមារដែលធ្លាប់រៀនតាមវត្តអារាមរូបនេះ បានស្រលាញ់ឧបករណ៍ភ្លេងបុរាណខ្មែរយូរណាស់ហើយ។ ប្រការនេះបានធ្វើឲ្យគាត់ខិតខំយកជំនាញនេះ ដោយរៀននៅសាលាមធ្យមវិចិត្រសិល្បៈ បន្ទាប់មករៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយបានក្លាយជាអ្នកជំនាញមួយរូប ផ្នែកតូយ៌តន្ត្រី។
យុវជន ដែលមកពីខេត្តកណ្តាល អាចលេងឧបករណ៍ភ្លេងបុរាណខ្មែរបានជាច្រើនប្រភេទ តាមរយៈការផ្លុំ មានដូចជា ខ្លុយ ស្រឡៃ ប៉ី និងស័ង្ខជាដើម។ ក្នុងបទសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News លោក សួន សុភ័ក្ត្រ បានប្រគំបទភ្លេងជាច្រើនបទ ខណៈអ្នកនៅក្បែរនោះ ទះដៃកោតសរសើរមិនដាច់ពីមាត់ ដែលនេះជាបរិយាកាស ជំនួបក្រោយអាហារថ្ងៃត្រង់ សម្រាកពីការសិក្សា។
លោក សុភ័ក្ត្រ បានប្រាប់ថា តាមរយៈការសិក្សាឧបករណ៍ភ្លេងបុរាណយូរឆ្នាំ ធ្វើឲ្យលោកអាចវាយតម្លៃដឹងថា រូបចម្លាក់នៅតាមប្រាសាទ ប្រគំនៅក្នុងបរិយាកាសបែបណា មិនថាបរិយាកាសសប្បាយ ធ្វើសង្គ្រាម និងធ្វើពិធីសាសនាឡើយ។ ក្នុងនាមជាអ្នកស្នេហាវិស័យសិល្បៈម្នាក់ លោកពិតជាចង់ចងក្រងជាឯកសារ ដើម្បីឲ្យកូនខ្មែរបានសិក្សារៀនសូត្រ និងលើកស្ទួយឧបករណ៍ភ្លេងបុរាណខ្មែរយ៉ាងខ្លាំង រឿងសំខាន់សម្រាប់ការស្រាវជ្រាវ គឺពាក់ព័ន្ធនឹងធនធាន៕