(កោះកុង)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំដោយលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយក្រុមហ៊ុនឯកជន របស់អ្នកវិនិយោគជនជាតិថៃ ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួយអភិវឌ្ឍសង្គម CSR នៅខេត្តកោះកុង ដែលជាសកម្មភាពសំខាន់របស់ស្ថានទូតថៃ បានរៀបរៀបចំជារៀងរាល់ឆ្នាំ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលដៅចម្បង គឺការតបស្នងត្រឡប់ទៅប្រជាជនកម្ពុជា នឹងជួយឲ្យប្រជាជនទាំងពីររីកចម្រើន ទៅជាមួយគ្នាទាំងសេដ្ឋកិច្ច និងសង្គម។

ចំពោះឆ្នាំនេះ ស្ថានទូតបានបរិច្ចាគនូវឧបករណ៍ចាំបាច់ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខេត្តកោះកុង ដែលជាខេត្តសំខាន់ដែលមានព្រំដែនជាប់ប្រទេសថៃ និងជាកន្លែងគោលដៅ ដែលប្រជាជនដំណើរឆ្លងកាត់ជាប្រចាំ ហេតុនេះមន្ទីរពេទ្យ និងសាលារៀនក្នុងខេត្តកោះកុង ជាគោលគៅចម្បងរបស់ខេត្ត។

ក្នុងឆ្នាំនេះ ស្ថានទូតថៃ បានរៀបចំកម្មវិធីជួយអភិវឌ្ឍសង្គម CSR នៅមន្ទីរពេទ្យបង្អែកស្រែអំបិល ដែលជាមន្ទីរពេទ្យថ្នាក់ស្រុកដែលមានភារៈកិច្ចសំខាន់ ក្នុងការជួយដល់ប្រជាជនផ្នែកសុខាភិបាល ដោយផ្តល់សេវាសាធារណៈទៅ៣ស្រុក និងជាមន្ទីរពេទ្យចម្បងក្នុងការពិនិត្យ និងគ្រប់គ្រងផ្នែកសុខអនាម័យដល់មន្ទីរពេទ្យ៧ទៀត ដែលស្ថិតក្នុងខេត្តកោះកុង។

ស្ថានទូតថៃប្រចាំកម្ពុជា រួមជាមួយក្រុមហ៊ុនឯកជនរបស់អ្នកវិនិយោគជនជាតិថៃ ក្នុងប្រទេសកម្ពុជា ជាង១៥ក្រុមហ៊ុន ដោយមានសមាជិក៤០នាក់ បានចូលរួមឧបត្ថម្ភឧបករណ៍ការិយាល័យ និងឧបករណ៍ផ្នែកសុខាភិបាល ដែលចាំបាច់សម្រាប់សម្រួលការងាររបស់មន្ទីរពេទ្យក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋប្រកបដោយស្តង់ដារ។

ក្រុមហ៊ុនរបស់អ្នកវិនិយោគជនជាតិថៃ បានស្វែងរកនូវឧបករណ៍ផ្សេងៗ ឲ្យស្របតាមតម្រូវការរបស់មន្ទីរពេទ្យ លើសពីនេះ ខាងសប្បុរសជនបានឧបត្ថម្ភនូវអាហារក្រៀមមួយចំនួន សម្រាប់មន្ត្រីសុខាភិបាលរបស់មន្ទីរពេទ្យផងដែរ។

លោក ឈើតកៀត អត្ថាករ បានបញ្ជាក់ទៀតថា កម្មវិធី CSR លើកនេះ ជាការជួយផ្នែកសុខាភិបាលនេះ ជួយឲ្យមន្ទីរពេទ្យអាចរក្សា និងព្យាបាលដល់ប្រជាជនខេត្តកោះកុង កាន់តែប្រសើរ។

លើសពីនេះ គណៈប្រតិភូតំណាងរបស់ស្ថានទូតថៃ និងក្រុមហ៊ុនរបស់អ្នកវិនិយោគជនជាតិថៃ មានឱកាសក្នងការស្វែងរកការអភិវឌ្ឍ និងការវិនិយោគផ្សេងៗបន្ថែម តាមរយៈទស្សនកិច្ចគម្រោងតារាសាគរ គ្រោងការអភិវឌ្ឍខ្នាតធំ របស់ខេត្តកោះកុង ដើម្បីចងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែប្រសើរជាងមុន៕