(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅជួយ អន្តរាគមន៍ ក្រុមកម្មករសំណង់៦នាក់ បានកើតជម្លោះរហូតទាញកាំបិតដេញកាប់ប្រហារគ្នា យ៉ាងអនាធិបតេយ្យ ដូចរឿងហុងកុង បណ្តាលឲ្យរងរបួសទាំងអស់គ្នា ហើយពួកគេ ក៏ត្រូវចាប់ខ្លួនផងដែរ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបញ្ជាក់ថា កម្លាំងនគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនចំនួន៦នាក់ ករណីហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាង ភាគីទី១មានគ្នាចំនួន០៣ និងភាគីទី២មានគ្នាចំនួន០៣នាក់ (ជនទាំង០៦នាក់ជាកម្មករសំណង់) នៅចំណុច ការដ្ឋានសំណង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកអធិការបានបន្តថា សកម្មភាពរបស់ក្រុមជនល្មើសទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅពេលនេះ គឺស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕