(ព្រៃវែង)៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់អំណោយផ្ទះថ្មមួយខ្នង ជូនដូនចាស់ជរាទីទាល់ក្រ គ្មានទីពឹងមួយរូប ឈ្មោះហ៊ួត យាត អាយុ ៨៣ ឆ្នាំ រស់នៅភូមិជួរថ្នល់ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកយាយ ហ៊ួត យាត មានក្តីរំភើបឥតឧបមានៅពេលទទួលបានផ្ទះមួយខ្នងដ៏ស្រស់ស្អាតនេះ។ លោកយាយបញ្ជាក់ទាំងក្តីរំភើបថា នេះពិតជាសំណាងណាស់ដែលនៅក្នុងជីវិតលោកយាយមិនមានក្តីប្រាថ្នាថានឹងមានផ្ទះល្អស្អាតបែបនេះរស់នៅឡើយ។ លោកយាយបានថ្លែងអំណរគុណជ្រាលជ្រៅជូន លោក វង សូត ដែលមានសន្ធាយ៉ាងធំធេង ផ្តល់អំណោយដ៏វិសេសវិសាលជូនលោកយាយនាឱកាសនេះ។

ផ្ទះថ្មដែលជាអំណោយរបស់ លោក វង សូត បានប្រគល់ជូនលោកយាយ ហ៊ួត យាត នាឱកាសនេះ សាងសង់អស់ថវិកា២០លានរៀល មានទទឹង៤ម៉ែត្រកន្លះ និងបណ្តោយ៨ម៉ែត្រកន្លះ ដោយមានកំពាក់អំពូលភ្លើងសូឡាផងដែរ។

ក្រោយពីប្រគល់ផ្ទះជូនលោកយាយ ហ៊ួត យាតហើយ លោក វង សូត បានជួបសំណេះសំណាល សាកសួរសុខទុកប្រជាពលរដ្ឋ និងបានចុះពិនិត្យមើលសាលារៀនជាចបន្តទៀត។ សាលារៀនជាច ជាកន្លែងដែលលោក វង សូត ធ្លាប់សិក្សាកាលពីកុមារភាព និងក្នុងពេលបច្ចុប្បន្ននេះ លោក បានផ្តួចផ្តើមកសាងអគារសិក្សាថ្មី។

នៅក្នុងឱកាសនោះ លោកពាំនាំការផ្តាំផ្ញើសាកសួរសុខពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តជូនលោកតា លោកយាយ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។ លោក បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបានដឹកនាំប្រទេស បន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត៕