(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោក ក្រោយបញ្ចប់ការបំពេញបែបបទរួចមក បានធ្វើការបណ្តេញចេញជនជាតិចិន២១នាក់ មានស្រី៤នាក់ ពីប្រទេសកម្ពុជា ដែលជនជាតិចិនទាំងនេះ ត្រូវបានបង្ក្រាប និងចាប់ខ្លួនពាក់ព័ន្ធជាមួយបទល្មើសលួចបើក Game Online។
លោកឧត្តមសេនីយ៍ បានថ្លែងថា «ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៧៖៣០នាទីយប់ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន២២នាក់ ស្រីចំនួន០៤នាក់ដែលពួកគេទាំងអស់ នេះត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែសីហា នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស បើកល្បែងអនឡាញ (Game Online) ដោយខុសច្បាប់»។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ បានបន្ដប្រតិបត្តិការចុះទៅឃាត់ខ្លូន ជនជាតិចិនប្រុស-ស្រី២១នាក់ ដែលបានបើកល្បែងអនឡាញ និងធ្វើការដោយគ្មានសៀវភៅការងារ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រូលពី លោក សៀង សុខ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។
លោកឧត្តមសេនីយ៍ បានបន្ដថា ជនជាតិចិនទាំង២១នាក់នេះ ក្នុងនោះស្រី៤នាក់ ហើយត្រូវបានឃាត់ខ្លួនពីបទ បើកកន្លែងល្បែងភ្នាល់តាម Internet និងក្នុងនោះពិនិត្យឃើញ មានលិខិតឆ្លងដែន២២ក្បាល ប្រើប្រាស់ទិដ្ឋាការE នៅមានសុពលភាព រយៈពេលមួយឆ្នាំ តែគ្មានសៀវភៅការងារ៕