(កំពង់ចម)៖ អាជ្ញាធរស្រុកកងមាស បានបញ្ជាឲ្យឈ្មួញមួយក្រុមបញ្ឈប់សកម្មភាពជីកបិទផ្លូវទឹក «ដីបឹងផ្ទា» ដែលមានទីតាំងនៅឃុំរាយប៉ាយ និងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីសកម្មភាពនេះប៉ះពាល់ដល់ប្រព័ន្ធស្រោចស្រពរបស់ប្រជាកសិករដែលអាស្រ័យផលនៅតំបន់នេះ។

មុនឈានដល់ការបញ្ជាឲ្យបញ្ឈប់សកម្មភាពនេះ ប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានប្រមូលផ្ដុំគ្នាតវ៉ាដោយសារតែមានឈ្មួញមួយក្រុម ឈូសឆាយ និងធ្វើទំនប់ឃាំងបិទផ្លូវទឹកមិនឲ្យហូរចូលក្នុងបឹងផ្ទា។

ប្រជាពលរដ្ឋបានអះអាងថា ដីបឹងផ្ទា ឬហៅថាដីមេទឹកនោះ គឺជាដីបឹងធម្មជាតិរបស់រដ្ឋ ហើយជាស្តុកទឹករាប់សែនម៉ែត្រគូប ដែលនៅក្នុងរដូវវស្សាពួកគាត់បានបើកហូរចូលពេញ សម្រាប់ទុកស្រោចស្រពដំណាំកសិផលផ្សេងៗ ដូចជា ស្រូវ ពោត សណ្ដែក និងដំណាំបន្លែផ្សេងទៀតជាច្រើនមុខ លើផ្ទៃដីរាប់រយហិចតានារដូវប្រាំងជារៀងរាល់ឆ្នាំ។ ពលរដ្ឋបន្ដថ ពួកគាត់ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ដែលអាចដំណើរការទៅបានដោយការពឹងអាស្រ័យនូវបឹង ដែលជាអាងស្តុកទឹកដ៏សំខាន់មួយនេះ។

បន្ទាប់ពីប្រជាពលរដ្ឋលើកគ្នាតវ៉ាបែបនេះ អាជ្ញាធរឃុំ និងស្រុកខាងលើបានចុះទៅជួបជាមួយប្រជាពលរដ្ឋភ្លាមៗ ហើយលោក អឿន សុធាលី អភិបាលរងស្រុកកងមាស បានអះអាងថា ដីមេទឹក ឬដីអាករឃុំ ពុំមានសិទ្ធិឲ្យលក់ដូរ ឬការផ្ទេរសិទ្ធិឲ្យគ្នាទៅវិញទៅមកទេ ប៉ុន្តែជាក់ស្ដែងនៅក្នុងឃុំនេះ យើងមានករណីតំបន់គេហៅថា «មេទឹកផ្ទា» ពីដើមឡើយប្រជាពលរដ្ឋតែងតែអាស្រ័យផលជាធម្មតា គឺទឹកស្រកទៅគាត់ធ្វើស្រែស្រូវ ពេលទឹកលិចមកក៏វាធម្មតា ពុំមានការទប់ទឹកនោះទេ។

ប៉ុន្ដែរយៈពេលចុងក្រោយនេះ មានក្រុមឈ្មួញមកទិញ ដោយការទិញព្រមព្រៀងរវាងគ្នា និងគ្នាប៉ុណ្ណោះ ដូច្នេះហើយអាជ្ញាធរមិនបានដឹងលឺ ចុះហត្ថលេខាក្នុងការឯកសារទិញលក់នេះឡើយ ទើបមិនបានទទួលដំណឹងថា មានការកាយដីបិទផ្លូវទឹកបែបនេះ។ លោកក៏បានអរគុណប្រជាពលរដ្ឋ ដែលតែងតែផ្ដល់ព័ត៌មានទៅស្រុក។

លោក អឿន សុធាលី បានអះអាងថា ក្រោយពីបានពិនិត្យជាក់ស្ដែងរួចមកទំនប់ទឹកនេះ ត្រូវតែបើ្កឡើងវិញ ហើយលោកបានឆ្លងយោបល់ទៅអភិបាលស្រុករួចហើយ គឺបញ្ជាឲ្យបើកផ្លូវទឹកវិញ។ លោកសន្យាថា នៅចំពោះមុខប្រជាពលរដ្ឋថា នឹងកោះហៅក្រុមឈ្មួញដើម្បីទៅពន្យល់ណែនាំអំពីករណីនេះ ដើម្បីឲ្យបានយល់ច្បាស់អំពីនីតិវិធី ដោយផ្អែកតាមការណែនាំរបស់រដ្ឋបាលខេត្ត៕