(ឆ្លូង-ក្រចេះ)៖ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីថ្លែងអំណរគុណនិងផ្សាយដំណឹងពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលប្រសូត្រចេញពីការបោះឆ្នោតជាតិតាមលក្ខណៈប្រជាធិបតេយ្យ នៅថ្ងៃ២៣ ខែកក្តដា ឆ្នាំ២០២៣កន្លងមក។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវត្តមុនីសាគរ (ហៅវត្តដងក្តោង)ស្ថិតក្នុងភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះដោយមានការចូលរួមពីសំណាក់លោក វ៉ា ថន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ ព្រមទាំង លោកស្រី អស់លោកជាក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក និងមន្រ្តីមូលដ្ឋានភូមិ ឃុំ សរុបមានអ្នកចូលរួមប្រមាណ២៣០០នាក់។

បន្ទាប់ពីលោកស្រី គង់ លឹមហូរ ប្រធានគណៈកម្មាធិការគណបក្សនិងជាអភិបាលស្រុកឆ្លូង បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទូទៅក្នុងស្រុកឆ្លូងរួចមក លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងក្នុងនាមឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានូវអំណរគុណដ៏ថ្លៃថ្លាជូនចំពោះពលរដ្ឋនៅឃុំពង្រ ក៏ដូចជាឃុំដទៃទៀតនៅខេត្តក្រចេះទាំងមូលដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ភ្លូកទឹកភ្លូកដីនៅ ទូទាំងប្រទេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃ២៣ខែកក្តដាឆ្នាំ២០២៣កន្លងមក។

ក្នុងពេលថ្លែងមតិសំណេះសំណាលដ៏ស្និទ្ធស្នាលនេះ លោកទេសរដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះបានលើកឡើងពីកម្មវិធីនយោបាយ នៃយុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដែលផ្តោតជាសំខាន់លើកម្មវិធី ផែនការសកម្មភាព និងគោលដៅជាអាទិភាព សំដៅបន្តជម្រុញការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម ពង្រឹងភាពធន់នៃជីវភាពប្រកប ដោយវិបុលភាពរបស់ប្រជាជនដែលជាកត្តាធានាយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនិងវឌ្ឍនភាពសង្គមជាតិ តទៅមុខឥតអាក់ជារៀងដរាប។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនក៏បានលើកឡើងពីរឿងគ្រឿងញៀនដែលកំពុងចោទជាបញ្ហាប្រឈមរួមចំពោះសង្គមជាតិយើងដែលទាមទារឲ្យមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងបេសកកម្មថ្មីរបស់អាជ្ញាធរជាតិគឺ កំចាត់បទឧក្រិដ្ឋកម្មគ្រឿងញៀន គាំពារអ្នករងគ្រោះ ដើម្បីអនាគតរបស់កម្ពុជា។

ចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវចំពោះប្រជាជនកម្ពុជាទាំងមូល សូមចូលរួមអបអរសាទរគាំទ្រ ការចាប់ផ្តើមសកម្មភាពដ៏ក្លៀវក្លាស្វាហាប់នៃរាជរដ្ឋាភិបាលកម្ពុជាបន្តវេន ក្រោមមគ្គុទ្ទេសក៍របស់ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាពនិងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់សង្គមជាតិនិងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាដរាបតរៀងទៅ៕