ក្រោយការរិះគន់របស់វៀតណាម ចិនបញ្ជូនយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក ទៅល្បាតនៅសមុទ្រចិនខាងត្បូងថែមទៀត
07-08-2016 19:37
(ក្វាងចូវ)៖ កាលពីម្សិលមិញ ក្រសួងការបរទេសវៀតណាម បានចេញសេចក្តីថ្លែងការណ៍រិះគន់ ចំពោះរដ្ឋមន្ត្រីការពារជាតិចិន ដែលបានប្រកាសឲ្យប្រជាជន និងកងទ័ពត្រៀមខ្លួន សម្រាប់សង្គ្រាមដែនសមុទ្រ។ ជាលទ្ធផលក្រោយការរិះគន់នេះ កងទ័ពអាកាសចិន បានបញ្ជូនយន្តហោះចម្បាំង Su-30 Fighter និង យន្តហោះ ទម្លាក់គ្រាប់បែក H-6k Bomber មួយចំនួន ទៅល្បាតនៅតំបន់ប្រជុំកោះ Nansha និង Huangyan ក្នុងតំបន់សមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយនាយប់ថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០១៦ ដោយដកស្រង់សម្តីរបស់លោក Shen Jinke មេបញ្ជាការជាន់ខ្ពស់ នៃ នៃកងទ័ពរំដោះប្រជាជនចិន (PLA) ថា ការហោះហើរ នៃយន្តហោះខាងលើនេះ ជាលំហាត់ហ្វឹកហ្វឺនបែបធម្មតាៗ ដើម្បីបង្កើនសមត្ថភាពរបស់ទ័ពអាកាស ក្នុងការឆ្លើយតបនឹងការគំរាមកំហែងផ្នែកសន្តិសុខនានា នៅតំបន់សមុទ្រចិនខាងត្បូង។
លោក Shen បានបញ្ជាក់បន្ថែមថា យន្តហោះចម្បាំង Su-30 បានធ្វើការហ្វឹកហ្វឺនពីរបៀបចាក់សាំងលើអាកាសចំនួនពីរលើកផងដែរ នៅក្នុងប្រតិបត្តិការនាថ្ងៃសៅរ៍ម្សិលមិញ។ លោកបញ្ជាក់ថា «នេះជាប្រតិបត្តិការយន្តហោះចម្បាំង ល្បាត និងទម្លាក់គ្រាប់បែក ដែលចិនតែងតែធ្វើឡើងជាប្រចាំចាប់តាំងពីការបង្កើត កងកម្លាំងទ័ពអាកាស PLA រយៈពេល ៦៧ឆ្នាំមកនេះ ស្ថិតនៅក្នុងន័យការពារអធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍នាវាចរជារួមនៅតំបន់សមុទ្រចិនខាងត្បូង»៕