(ពោធិ៍សាត់-បាត់ដំបង)៖ នៅថ្ងៃទីពីរនៃបេសកកម្ម ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខាភិបាលមូលដ្ឋានសាធារណៈជូនប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្ដចំនួន ២ គឺខេត្ដពោធិ៍សាត់ និងបាត់ដំបង។
បេសកកម្មការងារនេះ ក្នុងគោលបំណងពិនិត្យមើលពីវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានាកន្លងមក ដើម្បីជំរុញសេវាថែទាំសុខភាព កាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពប្រកបដោយសមធម៌ ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្នុងការជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។
ការចុះពិនិត្យពីដំណើរការការងារនេះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានធ្វើការណែនាំ និងផ្ដល់អនុសាសន៍គន្លឹះ ដល់មន្ដ្រីក្រោមឱវាទ ដើម្បីជាពុទ្ធិក្នុងការពង្រឹងនូវសមត្ថភាព និងប្រសិទ្ធភាពនៃការអនុវត្ដការងារកាន់តែប្រសើរ។
ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតី ក្រមសីលធម៍វិជ្ជាជីវ:ខ្ពស់។
ក្នុងឱកាសដែលលោករដ្ឋមន្ដ្រីសុខាភិបាល ចុះបេសកកម្មក៏បានសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ អ្នកជំងឺ និងគ្រួសារអ្នកជំងឺប្រកបដោយភាពស្និទស្នាលជាលក្ខណៈគ្រួសារ ។ហើយភាពជាអ្នកដឹកនាំរបស់លោករដ្ឋមន្ដ្រី គឺទទួលបានការស្វាគមន៍ និងក្ដីស្រលាញ់ពេញចិត្ដយ៉ាងខ្លាំងពីមន្ដ្រីបុគ្គលិក ជាពិសេសប្រជាពលរដ្ឋ បានសម្ដែងនូវការសប្បាយរីករាយ ដែលបានឃើញថ្នាក់ដឹកនាំ ចុះមកស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលនេះជាការផ្ដល់ភាពកក់ក្ដៅ និងជំនឿទុកចិត្ដកាន់តែខ្លាំងជូនដល់ពួកគាត់ផងដែរ។
សូមជម្រាបថា ការចុះពិនិត្យការផ្តល់សេវាសុខាភិបាលមូលដ្ឋានសាធារណៈជូនប្រជាពលរដ្ឋ ក្នុងខេត្ដចំនួនពីរខាងលើនេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានអញ្ជើញចុះទៅមណ្ឌលសុខភាព សំរោង, មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងខេត្ដពោធិ៍សាត់ និងបន្ដដំណើរចុះទៅមន្ទីរពេទ្យបង្អែកមោងឬស្សី និងមណ្ឌលសុខភាពព្រៃតូច ក្នុងខេត្ដបាត់ដំបង។
គួររម្លឹកថា បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានអនុវត្ដការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗតែម្ដង។ សម្រាប់ជាជំហានដំបូងនេះ លោកសាស្ដ្រាចារ្យ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០២៣ ដោយ២ថ្ងៃដំបូងនេះ គឺបានចុះពិនិត្យនូវដំណើរការងាររបស់មន្ដ្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្ដបាត់ដំបង ហើយនឹងបន្ដបេសកកម្មការងារនៅថ្ងៃស្អែក តាមគោលដៅដែលបានគ្រោងទុក៕