(ភ្នំពេញ)៖ លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំហោងសំណំ បានប្ដេជ្ញាដើរតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងប្ដេជ្ញាអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧។
ការប្ដេជ្ញានេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកគណបក្សឃុំហោងសំណំ ដែលទទួលបានការគាំទ្រច្រើនលើសគេក្នុងស្រុកឱរ៉ាល់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ។
គួរជម្រាបថា នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ចំនួនការគាំទ្រគណបក្សប្រជាជនមានកើនឡើងជាលំដាប់រហូតដល់ទទួលបានចំណាត់ថ្នាក់ជាឃុំលេខ១ក្នុងស្រុកឱរ៉ាល់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងទៅ។ លទ្ធផលគាំទ្រឆ្នាំ២០២៣ សន្លឹកឆ្នោតបានការមានចំនួន២៨១៩សំឡេង គាំទ្រគណបក្សប្រជាជន២៥១៣សំឡេង ស្មើនឹង ៨៩.១៥%។
លោក កែរ រដ្ឋា បានលើកឡើងនូវមតិស្វាគមន៍ជូនអង្គពិធី ពិសេសអំពីសមិទ្ធផលដែលគណបក្សសម្រេចបាន និងការដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនធំ។
លោកបានបន្តថា អង្គការចាត់តាំងគណបក្សថ្នាក់មូលដ្ឋានភូមិ ឃុំ ត្រូវបានពង្រឹង និងមានប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដោយបានពង្រឹងនិងពង្រីកសមាជិកបក្ស មានការប្រែប្រួលទាំងបរិមាណ និងគុណភាព ទាំងមន្ត្រីគណបក្សភូមិ ឃុំ មានសីលធម៌ គុណធម៌ គោរពស្រឡាញ់និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានល្អ។
លោកបានមើលឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ជួយគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ពិនិត្យ ព្យាបាល និងផ្ដល់ឱសថ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយមិនគិតថ្លៃ។
លោកប្រធានគណបក្សមូលដ្ឋានឃុំហោងសំណំបានបន្តទៀតថា ជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគណបក្សឃុំហោងសំណំ គឺបានមកពីគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ និងដាក់ចេញជាយុទ្ធសាស្ត្រចំទិសដៅ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។អង្គការចាត់តាំងគណបក្សដ៏រឹងមាំពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន សមាជិកបក្សត្រូវបានពង្រឹង និងពង្រីក ដើម្បីឈានទៅទទួលជ័យជម្នះក្នុងការបោះឆ្នោតបន្តបន្ទាប់ទៀត។
ក្នុងនាមគណបក្សឃុំហោងសំណំ និងក្រុមការងារ លោក កែរ រដ្ឋា បានប្ដេជ្ញាដើរតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងប្ដេជ្ញាអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧៕