(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ មួយចំនួនធំ បានសម្តែងអារម្មណ៍ខឹងសម្បារ និងមិនសប្បាយចិត្តជាខ្លាំងពន់ពេក ចំពោះម្ចាស់គោ ដែលលែងហ្វូងគោចោលយ៉ាងអនាធិបតេយ្យ ធ្វើឱ្យខាតបង់ និងខូចខាតសម្ភារ ដំណាំកសិកម្ម បង្កការលំបាកដល់អ្នកធ្វើដំណើរស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ជុះអាចម៍លើផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ពិសេសធ្វើឲ្យខូចសោភ័ណភាព និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្រុងពោធិ៍សាត់។
ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួនធំ បានបន្តរិះគន់ថា ហ្វូងគោទាំងនេះមិនមែនលែងចោលតែពេលថ្ងៃនោះទេ គឺទាំងថ្ងៃទាំងយប់ ជួនកាលដើរចូលក្នុងផ្ទះស៊ីបន្លែផ្លែឈើ ត្រីសាច់ និងឈ្មួសស៊ីកកូរកកាយបែកសម្ភារខ្ទេចខ្មានសល់ ខណៈម្ចាស់ផ្ទះ ឬម្ចាស់តូបលក់ដូរ ភ្លេចខ្លួនមិនបានមើល។ មិនតែប៉ុណ្ណោះ ហ្វូងសត្វគោទាំងនេះ ត្រូវបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់បាត់បង់ជីវិត ទាំងមនុស្ស និងសត្វគោដែលបង្កនោះផងដែរ។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ និងខឹងសម្បារលើម្ចាស់គោ ដែលគិតតែប្រយោជន៍ខ្លួនឯង បំផ្លាញសេចក្តីសុខអ្នកដទៃ រហូតពួកគាត់ធ្លោយមាត់ថា «រាប់ឆ្នាំហើយ ធើមិនបែកផងពោសាត់»។
ជាមួយគ្នានោះ គួរតែអាជ្ញាធរដែនដី ឬសមត្ថកិច្ច ចាត់វិធានការចំពោះអ្នកដែលចិញ្ចឹមគោ កុំឲ្យមានការលែងអនាធិបតេយ្យ ក្នុងទីប្រជុំជនបែបនេះតទៅទៀត និងត្រូវធ្វើការផាកពិន័យឲ្យបានធ្ងន់ធ្ងរផងដែរ ដើម្បីឲ្យមានការរាងចាល។
យោងតាមមាត្រា៣៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី បានចែងថា៖ ការលែងសត្វនៅតាមផ្លូវដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ឬការលែងសត្វឱ្យដើររហេតរហូតលើផ្លូវ គឺជាអំពើល្មើសច្បាប់៕