(កំពង់ឆ្នាំង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញធ្វើបុណ្យផ្កាសាមគ្គី និងបញ្ចុះបឋមសិលាកសាងកុដ្ឋ ស្ថិតក្នុងវត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីបុណ្យនេះអាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យពុទ្ធសាសនិកទាំងអស់ អាចប្រារព្ធពិធីបុណ្យយ៉ាងឱឡារិក ទៅតាមជំនឿរៀងៗខ្លួន ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សូមគណៈកម្មការវត្ត ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ្ធទាំងអស់គ្នា និងរួមគ្នាថែរក្សានូវសមិទ្ធិផលនៅក្នុងវត្តឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាម្លប់ព្រះពុទ្ធសាសនា និងពុទ្ធសាសនិកគ្រប់រូប ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ នៅក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។
គួររំលឹកផងដែរថា វត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ក៏ជាកន្លែង តម្កល់ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ដ (ជាសិស្សប្អូនលោកឪសួង) ដែលព្រះអង្គបានសុគតកាលពីថ្ងៃសៅរ៍ ០៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣៨នាទីល្ងាច ដោយជរាពាធ ក្នុងព្រះជន្ម ៩៥ ព្រះវស្សា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសម្បូរណ៍សប្បាយជានិច្ចនិរន្ត៍តរៀងទៅ៕