(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានបន្តចាត់តំណាងចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សឃុំដូង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង ស្រុករមាសហែក ខេត្តស្វាយ។
សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងអាវុធលើផ្ទៃប្រទេស លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ រាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំដូងជាច្រើនរូបទៀត។
បន្ទាប់មក ក្រុមការងារនិងសមាជិក សមាជិកាគណបក្សប្រជាជនហូបបាយសាមគ្គី ដោយមានក្រុមតន្ត្រីកំដរបង្កើនបរិយាកាសសប្បាយរីករាយផងដែរ។
គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនោះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ។
ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង៨លាន២សែននាក់ ស្មើនឹងជាង៨៤ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានរហូតដល់ទៅជាង៨២ភាគរយ៕