(កំពង់ធំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីថ្មីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន៣ខ្សែ ប្រវែងសរុប២៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ដស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានណែនាំដល់មន្ត្រីបច្ចេកទេសពិនិត្យលទ្ធភាពជួសជុលផ្លូវទាំងនេះឡើងវិញឱ្យបានឆាប់រហ័ស។

តាមការឱ្យដឹងពីមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ផ្លូវជនបទទាំង៣ខ្សែនេះរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ដែលបង្កការលំបាកច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ក៏ដូចជារបស់របរផ្សេងៗទៀត។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចហើយ លោករដ្ឋមន្ត្រីថ្មីបានណែនាំដល់មន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ត្រូវសហការគ្នាពិនិត្យលទ្ធភាពជួសជុលផ្លូវទាំងនេះឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

នារសៀលថ្ងៃដដែលនោះ លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រោមបរិយាកាសប្រកបដោយភាតរភាព និងភាពស្និទ្ធស្នាលផងដែរ៕