(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង៤៖៣០រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានសម្រេចចោទប្រកាន់ លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូលហើយពីបទវិតិក្រម និងរំលោភអំណាច។
លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ។ ក្រឡាបញ្ជីតុលាការកំពូលដែលទើបនឹងផ្លាស់មកពីខេត្តប៉ៃលិនរូបនេះ ក៏ត្រូវបាន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មកដល់តុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះដែរ។
លោក លី សុផាណា ដែលទទួលចាត់ការលើសំណុំរឿងនេះ បានប្រាប់ ក្រុមអ្នកសារព័ត៌មានថា «ក្រោយពីបញ្ចប់ការសួរចម្លើិយ ការពិនិត្យឯកសារនិងភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការសើបសួរដោយចោទប្រកាន់ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទ វិតិក្រម និងបទ រំលោភអំណាច តាមបញ្ញត្តិមាត្រា ៥៩២ មាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ និងមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ហើយបញ្ជូនទៅចៅក្រមសើបសួរ ដើម្បីចាត់ការបន្ត»។
ទោះជាយ៉ាងណាទាំងតំណាងអយ្យការ ទាំងលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ពុំបានបញ្ជាក់លម្អិតថាតើ លោក វ៉ាត ពិសិដ្ឋ បានប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងអ្វីនោះទេ៕