(សៀមរាប)៖ សមាគមគ្រូពេទ្យកុមារកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារនៅកម្ពុជាលើកទី៨ ដើម្បីពង្រឹងនិងបង្កើនចំណេះដឹង និងវិជ្ជាជីវៈដល់បណ្ដាគ្រូពេទ្យទាំងអស់ឱ្យកាន់តែមានសុវត្ថិភាពក្នុងការផ្ដល់សេវាថែទាំព្យាបាលកុមារកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាព។

ពីធីនេះដែរធ្វើឡើងក្រោមវត្តមានលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា លោកសាស្រ្តចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជាចំនួន២៧៥នាក់ ព្រមទាំងមានវាគ្មិនជាច្រើនរូប ព្រមទាំងមានសាស្ត្រាចារ្យជាវេជ្ជបណ្ឌិតជំនាញៗនៅកម្ពុជា និងមកពីបរទេសបានធ្វើបទបង្ហាញនូវប្រធានបទដ៏មានសារសំខាន់នានាផងដែរ។

សន្និសីទនេះដើរតួជាវេទិកាសម្រាប់អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រកុមារ ទាំងក្នុងប្រទេស និងក្រៅប្រទេស បានចែករំលែកផ្លាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងរោគកុមារ ដើម្បីឱ្យសិក្ខាកាមទាំងអស់អាចទាញយកសារប្រយោជន៍សម្រាប់អភិវឌ្ឍវិញរបស់ខ្លួន។

ចំពោះប្រធានបទនៃសិក្ខាសាលាបានលើកនូវករណីមួយចំនួន រួមមាន៖
* ករណីកុមារហូរឈាមក្នុងក្រពះ ពោះវៀនធ្ងន់ធ្ងរ លើកុមារកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ នៅមន្ទីរខេត្តកំពង់ចាម។
* ការឆ្លងមេរោគលើទារកទើបកើត (Neonatal sepsis) និងការបង្ហាញពីការថែទាំ គ្រប់គ្រងជំងឺតេតាណូសនៅផ្នែកសង្គ្រោះបន្ទាន់ កម្រិតធ្ងន់ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ។
* ការបង្ហាញអំពីការគ្រប់គ្រង និងការព្យាបាលបន្ថែមជំងឺរលាកទងសួតកុមារ និងការបង្ហាញពីការសិក្សាករណីជំងឺកន្ទាត្រអាកធ្ងន់ធ្ងរនៃកុមារ នៅមន្ទីរពេទ្យកុមារជាតិ។
* ជំងឺមេឡូស៊ីដ (Meliodosis) ដែលបណ្ដាលឱ្យរលាកសួតធ្ងន់ធ្ងរលើទារកទើបកើត នៅមន្ទីរពេទ្យកុមារអង្គរ សៀមរាប។
* ករណីបញ្ហាប្រឈមក្នុងការគ្រប់គ្រងជំងឺអុជស្វាយនៅលើទារកទើបកើត នៅមន្ទីរពេទ្យកុមារជាតិ។
* ការគ្រប់គ្រង ជំងឺហូរឈាមដែលបណ្តាលមកពីចំនួនប្លាកែតទាប (IPT) នៅកុមារនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
* ភាពស្លេកស្លាំងដោយកង្វះជាតិដែកនៃកុមារតូចៗនៅប្រទេសម៉ាឡេស៊ី និងការគ្រប់គ្រងការកង្វះអ័រម៉ូនលូតលាស់របស់កុមារ បង្ហាញដោយសាស្ត្រាចារ្យមកពីប្រទេសម៉ាឡេស៊ី។
* របៀបកំណត់ជាករណីអំពើហឹង្សាលើកុមារ និងការរក្សាសុវត្ថិភាពកុមារឱ្យចៀសពីការរំលោភបំពានដោយហិង្សានានាលើកុមារ បង្ហាញដោយសាស្ត្រាចារ្យមកពីអូស្ត្រាលី។
* តួនាទីសំខាន់នៃទំនាក់ទំនងក្រពះ ពោះវៀន និងខួរក្បាលទៅលើការអភិវឌ្ឍខួរក្បាលកុមារ បង្ហាញដោយសាស្ត្រាចារ្យមកពីប្រទេសហ្វីលីពីន។

ដោយឡែក រាល់ប្រធានបទដែលសន្និសីទបានលើកមកបង្ហាញ សុទ្ធតែមានសារសំខាន់សម្រាប់សមាជិកអង្គសិក្ខាសាលាស្វែងយល់ រៀនសូត្រ និងផ្លាស់ប្តូរនូវទស្សនៈ ចំណេះដឹងរវាងគ្នា ដើម្បីរកឃើញនូវបទពិសោធន៍ល្អៗ សម្រាប់ជាទុនក្នុងការអភិវឌ្ឍចំណេះដឹងវេជ្ជសាស្ត្ររោគកុមារ។

លោកសាស្រ្តចារ្យ យីត ស៊ុនណារ៉ា ក៏បានផ្ដាំផ្ញើឱ្យសមាជិកសន្និសិទ្ធិទាំងអស់ជាគ្រូពេទ្យកុមារមកពីមន្ទីរពេទ្យនានាពីខេត្ត និងក្រុងឱ្យពាំនាំនៅចំណេះដឹងថ្មីៗ ដើម្បីចូលរួមក្នុងការផ្ដល់នូវសេវាព្យាបាលកុមារកុមារយើងឱ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពហើយយកចិត្តទុកណាស់ជាប់ជានិច្ចក្នុងការប្រកាន់ភ្ជាប់នៅក្រុមសីលធម៌វិជ្ជាជីវៈពេទ្យ ហើយសំណូមពរឲ្យសិការណ៍ទាំងអស់ផ្សព្វផ្សាយដល់សហភាតរៈផ្សេងទៀត ដើម្បីធ្វើឱ្យកាន់តែប្រសើរក្នុងការផ្ដល់សេវាសុខភាពជូនប្រជាជនយើង ស្របតាមកម្មវិធីនយោបាយជាអាទិភាពទាំង៦សម្រាប់ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕