(កោះកុង)៖ ប្រជានេសាទសាទរ ក្រោយពីអាជ្ញាធរចុះដោះស្រាយទំនាស់រវាងពលរដ្ឋ និងឈ្មួញ ក្រោមចំណាត់ការរបស់លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង លោក ក្រូច បូរីសីហា អភិបាលស្រុកបទុមសាគរ ដែលបានបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដែលមានទំនាក់ក្នុងករណីការហ៊ុំព័ន្ធលើផ្ទៃសមុទ្រទឹករាក់ចិញ្ចឹមគ្រែងឈាម នៅភូមិស្រែថ្មី ថ្មស ស្រុកបទុមសាគរ។

ការចុះដោះស្រាយនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

លោកស្រី ជា ណាវី តំណាងប្រជាពលរដ្ឋ បាននិយាយថា ការសម្របសម្រួលរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក មន្ត្រីជាប់ពាក់ព័ន្ធក្នុងការរកដំណោះស្រាយនាពេលនេះ​ពួកគាត់ឯកភាពទទួលយកបានក្នុងការបើកផ្លូវឱ្យពួកគាត់ប្រកបរបរនេសាទរក្នុងលក្ខណៈគ្រួសារឡើងវិញ។

លោកស្រី ជា ណាវី សូមឲ្យមន្ត្រីនាយផ្នែកជលផល ប្រធានសហគមន៍ បម្រើរាស្រ្តឲ្យមានភាពសុក្រឹត្យ កុំគិតតែផលប្រយោជន៍ខ្លួនឯង និងនិយមបក្ខពួក ហើយអនុវត្តការងារតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់។

លោកស្រីអភិបាលរងខេត្ត អ៉ី នារីនេត បានឲ្យដឹងថា ការសម្របសម្រួលរបស់អាជ្ញាធរដើម្បីរកដំណោះស្រាយជូនភាគីទំនាស់ក្នុងការហ៊ុំព័ន្ធស៊ុមគ្រែង (ការចិញ្ជឹមគ្រែងឈាម)លើផ្ទៃសមុទ្រទឹករាក់ ក្រោយពីមានការសម្របសម្រួលដោះស្រាយពីអាជ្ញាធររវាងភាគីទំនាស់ទាំងសងខាង សរបញ្ជាក់ឲ្យឃើញថាពួកគាត់យល់ព្រមទទួលយកការការសម្របសម្រួលដោះស្រាយ និងឯកភាពទាំងសងខាង ពួកគាត់យល់ព្រមដកជើងថយក្រោយម្នាក់១ជំហាន ដើម្បីប្រកបអាជីកម្មរបរនេសាទរ ដើម្បីគ្រួសារបន្តទៀត និងគ្មានអំពើហិង្សា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានមកដល់មុខសាលាខេត្តដើម្បីដាក់ញត្តិសុំអន្តររាគមន៍ពីអាជ្ញាធរខេត្ត ដើម្បីរកដំណោះស្រាយមានវិធានការឈ្មោះ ផល្លី ដែលបានបោះបង្គោលក្នុងសមុទ្រទឹករាក់ធ្វើជាកម្មសិទ្ធិ ដើម្បីហ៊ុំព័ន្ធចិញ្ចឹមគ្រែងឈាម ដែលធ្វើឲ្យមានផលប៉ះពាល់ដល់របរនេសាទជាលក្ខណៈគ្រួសារ៕