(ក្រចេះ)៖ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ និងខូចខាតរថយន្ដទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៧ ក្រចេះ-ស្នួល ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣០៤-៣០៥ ស្ថិតក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះស ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកស្នួល បានឲ្យដឹងថា ករណីនេះបង្កឡើងរវាង រថយន្តមួយគ្រឿងឈប់សំចត ហើយមានរថយន្តមួយគ្រឿង ទៀតមកបុកចំពីមុខចំហៀងខាងឆ្វេង បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង។

ក្នុងហេតុករណ៍នោះមានរថយន្តម៉ាក Ford Everest ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-0019 បើកបរដោយឈ្មោះ ម៉ែន ធារ៉ា អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់បែកក្បាល។ រីឯអ្នករួមដំណើរឈ្មោះ រី ណា អាយុ៤៥ឆ្នាំ រស់នៅភូមិជាមួយគ្នារងរបួសធ្ងន់។ ហើយរថយន្តនោះចតទិសដៅពីខាងជើងបែរមុខទៅទិសខាងត្បូង។

រថយន្តនោះពេលបើកបរមកដល់ចំណុចកេីតហេតុខាងលេី ក៏បានចតរថយន្តដោយមិនបានប្រកាន់ស្តាំ គ្មានភ្លើងសុីញ៉ូរ ឬសញ្ញាអ្វីសម្គាល់ដាក់ខាងមុខរថយន្ត និងខាងក្រោយឡើយហើយ ក៏ត្រូវរថយន្តមួយគ្រឿងទៀតក៏មកបុកចំពីមុខចំហៀងខាងឆ្វេងនោះតែម្តង។ រថយន្តនោះម៉ាក GS 400 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខសៀមរាប2B-3127 បើកបរដោយឈ្មោះស៊ាន តុលា អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ (រងរបួសធ្ងន់) បើកបរទិសដៅពីត្បូងទៅជើង។

បច្ចុប្បន្នអ្នករងគ្រោះថ្នាក់ទាំងសងខាង ត្រូវបានដឹកបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល។ រថយន្ដទាំង២គ្រឿង ខូចខាតយ៉ាងធ្ងន់ ហើយកម្លាំងជំនាញសណ្តាប់ធ្នាប់ ក៏បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធីតាមក្រោយ៕