(ភ្នំពេញ)៖ ថ្លែងនៅក្នុងថ្នាក់បណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានឲ្យដឹងថា ការសរសេរព័ត៌មានប្រកបទៅដោយវិជ្ជាជីវៈ អ្នកសរសេរមិនអាចបញ្ចេញនូវទស្សនៈរបស់ខ្លួនឡើយ។ ដោយធ្វើយ៉ាងណា ត្រូវស្វែងរកប្រភព ពីគ្រប់ទិសទីដើម្បីឲ្យអត្ថបទព័ត៌មាននោះ មានគ្រប់ជ្រុងជ្រោយ ហើយមិនលម្អៀង។

យ៉ាងណាមិញនៅក្នុងវិស័យព័ត៌មាន មិនមែនមិនមានប្រភេទអត្ថបទដែលអ្នកព័ត៌មានអាចបញ្ចេញទស្សនៈរបស់ខ្លួននោះទេ គឺមាន តួរយ៉ាងដូចជា«បទវិចារណកថា» ជាដើម។ ដោយ «បទវិចារណកថា» គឺជាអត្ថបទដែលបង្ហាញពីគំនិតរបស់កាសែតលើបញ្ហាមួយ។ ការសរសេរវិចារណកថា គឺការសរសេរអត្ថបទនៅលើអំណះអំណាងមួយ ហើយព្យាយាមបញ្ចុះបញ្ចូលអ្នកអាន ឱ្យគិតតាមរបៀបដែល ស្មេរកំពុងយល់ឃើញ។ ការសរសេរវិចារណកថា នេះទៀតសោធគឺសំដៅចង់បង្កើនឥទ្ធិពលលើមតិសាធារណៈ អាចជាការលើកតម្កើង ការរិះគន់ ឬការបញ្ចុះបញ្ចូលជាដើម។ សរុបមកវិញ «បទវិចារណកថា» គឺជារឿងរ៉ាវ ដែលសរសេរផ្អែកលើទស្សនៈអ្នកសរសេរ។

ក្រៅពីបទវិចារណកថា ក៏មានផងដែរនូវប្រភេទអត្ថបទផ្សេងទៀត ដែលអាចឲ្យអ្នកព័ត៌មានអាចបញ្ចេញនូវគំនិត ឬបង្ហាញឲ្យគេឃើញនូវអ្វីដែលខ្លួនចង់បាន ហើយអត្ថបទទាំងនោះ នឹងមានការបង្ហាត់បង្ហាញពីលោក ម៉ារ យ៉ារិទ្ធិ ដែលជាអ្នកប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News នៅសប្ដាហ៍ក្រោយទៀត នៅថ្នាកព័ត៌មានរបស់ FTC។

សូមបញ្ជាក់ថា ការសរសេរព័ត៌មានក្ដៅ ព័ត៌មានស៊ីជម្រៅ បទយកការណ៍ និងបទវិចារណកថា ក្ដី មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ផ្ដោតសំខាន់ឲ្យសិក្ខាកាមអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមគោលការណ៍ស្នូលនៃវិជ្ជាជីវៈសាព័ត៌មាន។ ប៉ុន្តែសម្រាប់ការយកទៅអនុវត្តយ៉ាងណា នោះជាស្វ័យសម្រេចទៅតាមស្ថាប័នព័ត៌មាននីមួយៗតែប៉ុណ្ណោះ៕