(ភ្នំពេញ)៖ ដើមឈើជិត១០ដើម និងបង្គោលភ្លើង១ដើម បានបាក់ដោយសារខ្យល់បោកបក់ខ្លាំង ដោយបានសង្កត់ទៅលើតូបកាត់សក់ និងរោងជួសជុលម៉ូតូបណ្តាលឲ្យរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែហេតុការណ៍មួយនេះមិនធ្វើឲ្យមានអ្នករងរបួសនោះឡើយ។
ហេតុការណ៏ភ្ញាក់ផ្អើល និងភ័យខ្លាចមួយនេះ បានកើតឡើង នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា បន្ទាប់ពីមានខ្យល់បោកបក់យ៉ាងខ្លាំងមក ស្រាប់តែបណ្តាលឲ្យដើមឈើជិត១០ដើមក្នុងនោះមានដើមឈើនាង ដើមអំពិលទឹក ដើមកន្ទួត និងដើមត្រសេក រួមទាំងបង្គោលភ្លើងថ្ម១ដើមផង បានបាក់ជា បន្តបន្ទាប់ ដោយសារតែដើមឈើទាំងនោះ មានខ្សែភ្លើងតោងច្រើនពេក ធ្វើឲ្យទប់មិនជាប់ ហើយនៅពេល ដែលមាន ខ្យល់បក់បោកខ្លាំងក៏បានបណ្ដាលឲ្យបាក់បែបនឹងតែម្ដង។
បើអាជ្ញាធរចំពោះបាតុភូតនេះ បានកើតឡើង នៅពេកដែលមេឃ ស្រឡះ ពុំមានភ្លៀងធ្លាក់នោះឡើយ ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ ក្រៅពីរលំសង្កត់ តូបជាងកាត់សក់១ខ្នង និងរោងជាងជួសជុលម៉ូតូ១ខ្នង នោះបាតុភូតខាងលើ ក៏បណ្តាលឲ្យម៉ូតូម៉ាកគុបជ្រុង១គ្រឿងទៀតរងការខូចខាតផងដែរ
ប្រជាពលរដ្ឋបាននិយាយថា វាដូចជាចម្លែកបន្តិចដែរ ពីព្រោះមុនពេលកើតហេតុ គ្មានភ្លៀង ធ្លាក់សូម្បីតែមួយតំណក់សោះ ស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងបែបនេះទៅវិញ៕