(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និថ្លែងអំណរគុណជូនដល់ក្រុមការងារ និងរចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំហោងសំណំ ដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកឱរ៉ាល់។
នាឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ជាពិសេសរចនាសម្ព័ន្ធ គណបក្សប្រជាជនកម្ពុជា ឃុំហោងសំណំ និងក្រុមការងារចុះជួយឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាធ្វើឱ្យគណបក្សយើងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ និងអបអរសាទរជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំហោងសំណំ ដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកឱរ៉ាល់ ដែលបានផ្តល់ឱកាសឱ្យក្រុមការងារ និងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដូចតាមសន្យាកាលពីថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។
ទន្ទឹមនឹងការអបអរសាទរនេះ លោកបានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺសូមថ្លែងអំណរគុណចំពោះរចនាសម្ព័ន្ធគណបក្សទាំងអស់ទាំងអស់ ក្រុមការងារចុះជួយស្រុក ឃុំ ជាពិសេសប្រជាពលរដ្ឋ ចំពោះការខិតខំប្រឹងប្រែងលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យគណបក្សយើងទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរ ទោះបីសម្តេចតេជោ ហ៊ុន សែន លាលែងពីតំណែងនាយករដ្ឋមន្រ្តីកម្ពុជា តែសម្តេចនៅបន្តជាបង្អែករបស់ប្រជាពលរដ្ឋ និងមិនទៅណាចោលប្រជាពលរដ្ឋឡើយ។
លោកបានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ចំពោះការជឿទុកចិត្ត និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា៖ «សូមជឿជាក់លើការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលឯកឧត្តមគឺជាថ្នាក់ដឹកនាំដែលមានឆន្ទៈខ្ពស់ក្នុងការបន្ដថែរក្សា សន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត»៕