(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សរបស់វិស័យឯកជននាពេលបច្ចុប្បន្ននេះ កំពុងតែដើរលើគន្លងមួយដ៏ល្អនិងត្រឹមត្រូវក្នុងការចូលរួមលេីកកម្ពស់វិស័យអប់រំរបស់កម្ពុជា ដែលអាចធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា ទុកចិត្តបាន។
លើកឡើងនាឱកាសអញ្ជើញជាគណៈអធិតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សសាលាអន្តរជាតិ ចាន់ យុន ដែលបានជាប់ជ័យលាភីចំនួន ២៨៤នាក់ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានកោតសរសើរដល់សាលាអន្តរជាតិ ចាន់ យុន និងបានបញ្ជាក់ថា សាលាមួយនេះកំពុងតែដើរលើគន្លងមួយដ៏ល្អ និងត្រឹមត្រូវក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ដែលអាចធ្វើឱ្យក្រសួងអប់រំទុកចិត្តបាន ក្នុងការផ្តល់ឱកាសឱ្យគ្រឹះស្ថានសាធារណៈចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្ពោះទៅរកទិសដៅបច្ចុកោណរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស ជាវិស័យអតិភាព។
ដើម្បីឆ្លើយតបទៅនឹងការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ដែរថា ក្រសួងអប់រំ បានដាក់ចេញនូវគោលដៅសំខាន់ៗមួយចំនួន ដែលមានដូចជា ការពង្រឹងគុណវុឌ្ឍគ្រូង្រៀន និងផ្តល់ឱកាសឱ្យគ្រូបង្រៀនអាចទទួលបាននូវចំណោះដឹងថ្មីៗបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យសិស្សរបស់ខ្លួនអាចទទួលបានសម្បទានទាំង៥ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិមានធនធានមនុស្សយ៉ាងពិតប្រាកដ។ សម្បទានទាំង៥នេះ រួមមាន៖ ចំណោះដឹង ជំនាញ, បំណិនសម្បទា, កាយសម្បទា, ចរិយាសម្បទា និងស្មារតីស្នេហាជាតិ។
លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានឱ្យដឹងដែរថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ធនធានមនុស្សរបស់កម្ពុជា បាននឹងកំពុងធ្វើដំណើរយ៉ាងស្វាហាប់សំដៅធ្វើដំណើរទៅកាន់ការអភិវឌ្ឍជាតិ និងប្រែក្លាយប្រទេសជាតិទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការអភិវឌ្ឍធនធានមនុស្សនេះទៅបាន គឺមិនមែនអាស្រ័យទៅលើថ្នាក់ដឹកនាំប្រទេសជាតិ និងក្រសួងអប់រំតែមួយមុខនោះទេ គឺត្រូតែមានការចូលរួមរបស់យើងទាំងអស់គ្នាផងដែរ។
បើតាមលោក ណុប ចាន់ ជានាយកសាលា បានឱ្យដឹងថាសាលាអន្តរជាតិ ចាន់ យុន ចាប់បើកជាផ្លូវការនៅថ្ងៃទី០៤ ឧសភា ២០១៤ រហូតមកដល់បច្ចុប្បន្នមាន ៣ទីតាំងផ្សេងគ្នា រួមមាន ១.អគារមត្តេយ្យសិក្សា ២ អគារបឋមសិក្សា និងអគារមធ្យមសិក្សា (បើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា (៣ឆ្នាំ) ដល់ថ្នាក់ទី១២) ហើយសាលាផ្តល់ការបណ្តុះបណ្តាល៣ភាសា គឺភាសាខ្មែរ (ស្របតាមកម្មវិធីសិក្សារបស់ក្រសួង) ភាសាអង់គ្លេស និងភាសាចិនគ្រប់កម្រិត ចាប់ពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ចំណែកថ្នាក់មត្តេយ្យសិក្សា មាន២ គឺភាសាខ្មែរ និងភាសាអង់គ្លេស ដែលមានសិស្សកំពុងសិក្សាផ្នែកភាសាខ្មែរ ៦១៥នាក់ និងភាសាអង់គ្លេស ៤៨០សរុបសិស្សទាំងអស់ ១០៩៥នាក់ និងមានបុគ្គលិក និងគ្រូបង្រៀនសរុប ៥៨នាក់។
ក្នុងនាមជាគណៈគ្រប់គ្រងសាលាអន្តរជាតិ ចាន់ យុន លោកក៏បានកោតសរសើរចំពោះការខិតខំយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ និងការសហការរបស់មាតាបិតា ឬអ្នកអាណព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សទាំង អស់ព្យាយាមគ្រប់ពេលវេលាដើម្បីទទួលបាននូវលទ្ធផលដ៍ល្អបំផុតសម្រាប់ថ្ងៃនេះ។ លោកក៏បានអះអាងដែរថា គោលដៅរបស់សាលាអន្តរជាតិ ចាន់ យុន គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ស្របមានតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា៕