(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើចំពោះសមិទ្ធផលការងារនានារបស់លោក ហែម វណ្ណឌី ជាពិសេសនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជឿជាក់លើសមត្ថភាពដឹកនាំរបស់លោករដ្ឋមន្ត្រីថ្មី ព្រមទាំងបានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់ សាមគ្គីផ្ទៃក្នុងដើម្បីគាំទ្រលោករដ្ឋមន្ត្រី ឲ្យសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិកម្ពុជា។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី គឺក្នុងឱកាសដែលលោករដ្ឋមន្រ្តី ហែម វណ្ណឌី បានរៀបចំពិធីថ្លែងអំណរគុណ ជូនចំពោះរូបលោកផ្ទាល់នៅទីស្តីការក្រសួង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមថ្នាក់ដឹកនាំក្រសួងប្រមាណ ១៥០នាក់ ក្នុងបរិយាកាសស្និតស្នាលក្រៃលែង។

លោកកិត្តិសេដ្ឋាបណ្ឌិតបានថ្លែងបន្ថែមទៀតថា លោកមានមោទនភាពដែលបានបន្សល់ទុកនូវសមិទ្ធិផលសំខាន់ៗ ជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ជាពិសេសបានបណ្តុះបណ្តាលមន្ត្រី ដែលមានសមត្ថភាពខ្ពស់ ដើម្បីបន្តកិច្ចអភិវឌ្ឍស្ថាប័ន ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ លោកបានសម្តែងការអបអរសាទរចំពោះលោក ហែម វណ្ណឌី ដែលបានទទួលតួនាទី និងភារកិច្ចដ៏សំខាន់នេះ បន្តពីលោក។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងថា លោក និងថ្នាក់ដឹកនាំក្រសួងនឹងចងចាំកាយវិការ និងគុណធម៌របស់លោកកិត្តិសេដ្ឋាបណ្ឌិត នៅក្នុងក្រអៅបេះដូង ហើយនឹងខិតខំប្រឹងប្រែងប្រើប្រាស់ឲ្យអស់សក្តានុពល និងកម្លាំងបញ្ញាញាណ ដើម្បីបង្កើតសមិទ្ធផលថ្មីៗ និងសម្រេចឲ្យបាននូវគោលនយោបាយ និងផែនការសកម្មភាពនានានៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជាអនុស្សាវរីយ៍លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានជូនកន្ត្រកផ្កាដ៏ពិសេសមួយ ដែលរចនាដោយដៃពីសំបកពោត ជាការបង្ហាញនូវការគោរពដឹងគុណចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ដែលបានដឹកនាំក្រសួងប្រកបដោយភាពប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយ ធ្វើឲ្យក្រសួងមានការរីកចម្រើនជឿនលឿន ក្នុងបេសកកម្មផ្ដល់សេវា និងបំពេញតម្រូវការ របស់អ្នកវិនិយោគ រោងចក្រ សហគ្រាស និងសាធារណជន នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសដែលលោកកិត្តិសេដ្ឋាបណ្ឌិត ផ្លាស់ទៅកាន់តួនាទីដ៏ឧត្តុងឧត្តមជាសមាជិករដ្ឋសភា លោក ហែម វណ្ណឌី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ដែងអំណរគុណ និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរ គោរពជូនចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុខភាព៕