(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារអបអរសាទរចំពោះ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសដែលសម្តេចត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ក្នុងព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ចំពោះសម្តេចក្រឡាហោម ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ខ្ញុំសូមសរសើរដំកក់ក្តៅចំពោះគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចក្រឡាហោម ដែលបានចូលរួមដឹកនាំប្រទេសធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូម សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចក្រឡាហោម ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ»៕