(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានសហការជាមួយប្រតិបត្តិករទេសចរណ៍ រៀបចំវេទិការស្តីពី «ទំព័រថ្មីនៃទេសចរណ៍កម្ពុជា» ដើម្បីរកគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនឡើង។
រៀបចំវេទិកានេះ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ជាច្រើននៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប។
លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ជំងឺកូវីដ១៩ បានអូសបន្លាយអស់រយៈពេល៣ឆ្នាំ បច្ចុប្បន្ននេះ កំណើនទេសចរនៅមានកម្រិតមែនទែន ស្របតាមការអភិវឌ្ឍនៅលើសាកលលោក ក៏ដូចជា៖ ក្នុងតំបន់ប្រទេសកម្ពុជា ថ្មីៗនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ជាច្រើនលើគម្រោងវិស័យទេសចរណ៍ ដូចជា ជួយការកសាងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តផ្សេងៗទៀត ដើម្បីបង្កើនចំនួនទេសចរផងដែរ។ ដោយមើលឃើញអាជីវករទេសចរកំពុងរងនូវវិបត្តិ ការឈឺចាប់ អូតែលនៅបិទភ្ញៀវមិនទាន់មានកំណើន ទោះបើកវិស័យទេសចរណ៍តែទេសចរនៅមានកម្រិត។ មានគំនិតមួយរិះគន់ មធ្យោបាយដើម្បីស្ថាបនាទេសចរណ៍ដោយរបៀបណា។
លោក ឌុច សារ៉េត បានបន្តថា៖ «ទន្ទឹមនឹងនោះដែរ ព្រលានយន្តហោះថ្មីគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ហើយយើងក៏មានរដ្ឋាភិបាលថ្មីទៀត អ៊ឹចឹងយើងក៏បានត្រៀមគំនិតមួយ ដើម្បីដាស់ស្មារតីកៀរគរទាំងអស់ឱ្យចូលរួមស្ដាប់បច្ចុប្បន្នភាពនៃព័ត៌មាន ដើម្បីដើរឱ្យទាន់សភាពការណ៍។ ចំពោះគោលបំណងរបស់សមាគមយើងលើកពីចំណុចអ្វី ដែលជាចំណុចស្ថាបនា ដើម្បីចូលរួម យើងមិនផ្តោតតែលើ ក្រុមហ៊ុនទេសចរណ៍ទេ យើងមានបណ្ដុំនៃអាជីវកម្មគ្រប់ប្រភេទ ផ្ទះសំណាក់ ទួរ សណ្ឋាគារ ដឹកជញ្ជូន មគ្គុទ្ទេសក៍ និងស្ប៉ាជាដើម ដើម្បីជាប្រយោជន៍ដែលគាត់ទទួលបានព័ត៌មានថ្មី»។
លោក ឌុច សារ៉េត បានបន្តទៀតថា CATA បានដឹងបញ្ហានេះ តែមិននិយាយលម្អិតទាំងអស់ទេ ដោយសារបញ្ហានោះត្រូវជជែកលម្អិតច្រើន ព្រោះ CATA ម្នាក់ឯងមិនអាចធ្វើបាននោះទេ ជាក់ស្ដែងឃើញហើយ ដ្បិតយើងបើកទេសចរណ៍មែន តែទេសចរណ៍នៅមានកម្រិត។ មូលហេតុ? បញ្ហាសំខាន់ជាងគេ គឺជើងហោះហើរ កង្វះខាតនៃការចុះចតយន្តហោះធំៗ មិនទាន់មានព្រលានស្ដង់ដាជិតខាង យើងកំពុងអភិវឌ្ឍន៍ត្រូវការពេលវេលា សុំពេលមួយរយៈទៀត ដើម្បីរួមគ្នា។
លោកបានបន្ថែមថា «ពួកគាត់នៅបន្តស៊ូទ្រាំ អ្នកដែលនៅសុទ្ធតែអត់ធ្មត់ គ្រប់គ្នាសុទ្ធតែមានការឈឺចាប់ តែវិបត្តិនេះ មិនមែនកើតតែនៅខ្មែរទេ គឺមានទូទាំងសាកលលោក។ រឿងសំខាន់ការអូសបន្លាយនៃព្រឹត្តិការណ៍ដែលអាចនឹងប្រែប្រួលយ៉ាងណា យើងមិនអាចទាយទុកមុនទេ ប៉ុន្តែសម្រាប់ក្នុងប្រតិបត្តិករទេសចរណ៍យើងនៅតែជឿជាក់ សង្ឃឹមថានឹងអាចស្ដារឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។ ហើយសមាគមនៅតែជឿជាក់ និងអំពាវនាវដល់បងប្អូនជាប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ សូមកុំអស់សង្ឃឹម អ្វីកើតឡើងទាំងអស់ទាល់តែយើងចូលរួម បើអស់សង្ឃឹម អស់ទឹកចិត្តធ្វើហើយការងារនោះមិនអាចទៅបានទេ។ ជៀសវាងនៅម្នាក់ឯង ខ្វះព័ត៌មាន បើបានចូលរួម ពិតជាមានផ្លូវទៅមុខ»។
លោក Lu Wei ប្រធានព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា៖ «ឥឡូវយើងកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែថ្ងៃទី១៦ ខែតុលា យើងនឹងបើកដំណើរការជាផ្លូវការ ចាប់ពីពេលបើកដំណើរការរួចហើយ ក្រុមហ៊ុនយើងនឹងពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសចរណ៍ជាបន្តបន្ទាប់ ដើម្បីបង្កើនជើងហោះហើរមកសៀមរាប។ ប្រសិនបើជាត្រូវបង្កើន ឬចង់ឱ្យមានច្រើនដូចមុនកូវីដ គឺត្រូវការពេលវេលា»។
លោក Lu Wei បានបន្តថា ពេលចាប់ផ្តើមនេះ មានក្រុមហ៊ុនអាកាសចរណ៍មាន១៦ ដូច្នេះក្រៅពីដំណើរការហើយ ក៏ដូចគ្នាដែរ។ មុនកូវីដមានទេសចរចិនច្រើន ក្រោយពីព្រលានបើកហើយនឹងខិតខំប្រឹងប្រែងទាក់ទាញទេសចរចិន មកសៀមរាបកាន់តែច្រើន។ ព្រោះបើមានជើងហោះហើរពីក្រៅមកច្រើនក្រុមហ៊ុនយើងកាន់តែរីកចម្រើន និងទេសចរណ៍មកសៀមរាបកាន់តែច្រើនផងដែរ។
លោក ឆាំ សំបូរ មកពីក្រុមហ៊ុនលក់សំបុត្រយន្តហោះ និងទួរមួយនៅខេត្តសៀមរាប បានលើកថា វេទិកានេះល្អ ដែលយើងជជែកគ្នាថាតើបន្ទាប់ពីកូវីដហើយ យើងគួរធ្វើអីខ្លះ វិធីនៃការរៀបចំក្រុមហ៊ុន ការធ្វើទីផ្សារត្រូវរៀបចំដូចម្ដេច។ ចំណុចថ្មីដែលដឹងពីអ្នកជំនាញធ្វើបទបង្ហាញ អោយយើងរៀនទាក់ទងនឹងកត្តាទីផ្សារឌីជីថលច្រើន។ លោកថា ម្ចាស់អាជីវកម្មត្រូវរៀនឱ្យបានច្រើន សម្រាប់បរិបទសព្វថ្ងៃ ដើម្បីកែលម្អ ដូចជាបណ្ដាញសង្គម វេបសាយ ផេក ត្រូវគិតឡើងវិញ ថាតើចំណុចអ្វីដែលគេមាន ហើយយើងមិនមាន ត្រូវស្វែងយល់ថាតើអតិថិជនយើងចង់បានអ្វី។
លោកមើលឃើញថា «ក្រុមហ៊ុនទួរធំៗ គេនៅតែអាចមានភ្ញៀវ តែសម្រាប់ក្រុមហ៊ុនទួរតូចៗ ពិបាករកភ្ញៀវដែរ តែបើសិនអោយច្រើនដូចមុន កូវីដមិនទាន់ទេ។ យើងសង្ឃឹមថា ពេលមានព្រលានថ្មីនឹងមានភ្ញៀវច្រើនមកវិញផងដែរ»៕