(ភ្នំពេញ)៖ សមាជិករដ្ឋសភារបស់អូស្រ្តាលីជាច្រើនរូប បានធ្វើជាលិខិតលើកទឹកចិត្តឲ្យតំណាងរាស្រ្តអូស្រ្តាលី លោក ហុង លីម ដែលមានដើមកំណើតខ្មែរ ធ្វើការសុំទោសជាសាធារណៈ នូវការប្រើពាក្យប្រមាថដល់ជាតិសាសន៍របស់ខ្លួន នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឲ្យយ៉ាងដូច្នេះ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកទឹកចិត្តរបស់សមាជិកសភាអូស្ត្រាលីនេះ គឺជាការបង្ហាញមិនត្រឹមតែភាតរភាពប៉ុណ្ណោះទេ ក៏ប៉ុន្តរឹតតែពង្រឹង ទំនាក់ទំនងល្អ និងកិច្ចសហការជិតស្និទ្ធរវាងប្រជាជាតិស៊ីវិល័យទាំងពីរ កម្ពុជា-អូស្ត្រាលី។
អ្នកាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល រួមជាមួយនិងព្រះសង្ឃ គ្រប់ព្រះអង្គជាទីសក្ការ: សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនសមាជិកសភាអូស្ត្រាលីទាំងអស់ ដែលបានផ្តល់នូវការគោរពនៃសេចក្តីថ្លៃថ្នូរ ដល់ប្រជាជាតិយើងខ្ញុំ ដែលជារដ្ឋអធិបតេយ្យ និងជាសមាជិកអង្គការសហប្រជាជាតិ។ ខ្លួនខ្ញុំផ្ទាល់ នឹងទូលថ្វាយលិខិតនេះ ជូនព្រះមហាក្សត្រជាទីសក្ការៈរបស់យើងខ្ញុំ ក៏ដូចជាស្ថាប័នរដ្ឋដទៃទៀត»។
លោកបានបន្តទៀតថា «ផលរំពឹងទុករបស់យើងខ្ញុំ គឺស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យលោក ហុង លីម ធ្វើការសុំទោសជាសាធារណៈឲ្យខានតែបាន ដោយខ្ញុំសង្ឃឹមថា សហគមន៍ខ្មែរ-អូស្ត្រាលី ដែលនៅគ្រប់ទីក្រុងក្នុងប្រទេសអូស្ត្រាលី ច្បាស់ជាបង្ហាញនូវជំហរ ដែលមិនចង់ឃើញការប្រមាថដល់មាតុ ប្រទេសរបស់ខ្លួន។ ត្បិតរបបកម្ពុជាបច្ចុប្បន្ន គឺកើតចេញពីឆន្ទះរបស់មហាជនកម្ពុជា ដែលស្តែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ ខ្ញុំក៏សង្ឃឹមផងដែរថា សហគមន៍ខ្មែរ-អូស្ត្រាលី នឹងមិនទទួល ឬគោរពនូវចរិត មិនថ្លៃថ្នូររបស់លោក ហុង លីម ឡើយ។ ខ្ញុំសូមអរគុណសារជាថ្មីម្តងទៀត»៕