(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រសួងជាច្រើនផ្សេងទៀតដែរ សម្រាប់នីតិកាលទី៧នេះ គឺមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ។ សម្រាប់ក្រសួងសង្គមកិច្ច រដ្ឋមន្រ្តីថ្មី គឺលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងនីតិកាលទី៦ ដែលបានមកកាន់តួនាទីជារដ្ឋមន្រ្តី ជំនួសលោក វង សូត ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី២ រដ្ឋសភាសម្រាប់អាណត្តិទី៧នេះ។
លោក ជា សុមេធី រដ្ឋមន្រ្តីថ្មី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងឱកាសជួបសំណេះសំណាលជាលើកដំបូងជាមួយដ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសង្គមកិច្ចថា កិច្ចការងារដែលយើងធ្វើទៅបានជោគជ័យ គឺទាល់តែដោយសារបងប្អូនយើងរួមគ្នា កិច្ចការសំខាន់គឺសាមគ្គីភាពផ្ទៃក្នុង បទពិសោធន៍ការងារដែលនឹងនាំឲ្យពួកយើងធ្វើការងារបានជោគជ័យ។
ក្នុងដំណាក់កាលនេះ ពួកយើងនឹងបន្តធ្វើការងារទៅមុខទៀតជាមួយគ្នា ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលថ្មី ក្នុងនីតិកាលទី៧នេះ បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលមានគោលដៅយុទ្ធសាស្រ្តរហូតដល់៥ចំណុច។ នេះជាការបញ្ជាក់ថែមរបស់លោក ជា សុមេធី។
ក្នុងការមកកាន់តួនាទីថ្មីនេះ លោកក៏បានកោតសសើរចំពោះកិច្ចការងារ ក៏ដូចជាសមិទ្ធផលជាច្រើនដែលលោក វង សូត អតីតរដ្ឋក្រសួងសង្គមកិច្ច សម្រេចបានកន្លងមក ដែលក្នុងនោះរួមមាន៖ ការកសាងមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតី មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្ដាលស្ទឹង មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកគ្រឿងញៀន នៅកែវផុស ខេត្តព្រះសីហនុ មណ្ឌលថែទាំមនុស្សចាស់ដែលកំពុងសាងសង់ មណ្ឌលយុវនីតិសម្បទាសម្រាប់អនីតិជនទំនាស់នឹងច្បាប់ជាដើម។ លើសពីនេះ គឺការអនុវត្តបានយ៉ាងជោគជ័យ នូវកម្មវិធីជំនួយសង្គមនានា ដែលបានដាក់ឱ្យអនុវត្តតាំងពីការរាតត្បាត កូវីដ-១៩ មកដល់បច្ចុប្បន្ន។
ជាមួយគ្នានោះ លោក វង សូត ក៏បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យសង្គមកិច្ច ឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
លោក វង សូត បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងសង្គមកិច្ច ត្រូវរួមសហការគ្នាអនុវត្តការងារដែលក្រសួង និងរដ្ឋមន្ត្រី ជា សុមេធី ប្រគល់ជូន ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិទាំងឡាយ ដែលបានប្រកាសឱ្យអនុវត្តរួចហើយនោះ ព្រមទាំងកម្មវិធីនយោបាយជាតិរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធជូនជាតិមាតុភូមិបន្ថែមទៀត៕