(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ១៩។

ក្នុងឱកាសនោះដែរលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែល កំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ ដើម្បីបង្កើតអង្គការសាលានេះឡើង។

លោកឧកញ៉ា តែ តាំងប៉ បានបន្តថា គោលបំណងសំខាន់មួយទៀត គឺប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងនឹងការលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងដំណើរការនាំចេញផងដែរ។ សម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងរៀបចំសិក្ខាសាលានេះ នៅ ២៥រាជធានី-ខេត្ត ដោយមិនយកថវិកានោះឡើយ។ សិក្ខាសាលានេះដែររៀបចំឡើង គឺដើម្បីផ្តល់ចំណេះដឹងថ្មីៗក៏ដូចជាជួយ ជ្រោមជ្រែង បន្ថែមទៀត ទីផ្សារក្នុងស្រុក និងទីផ្សារទៅក្រៅប្រទេស។

នៅក្នុងសិក្ខាសាលានេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក កើត ឆែ បានស្នើដល់គណៈចាត់តាំងកម្មវិធី សូមកត់ត្រាទុករាល់សំណួរ សំណើ និងសំណូមពរ ដែលបានលើកឡើង ក្នុងអង្គសិក្ខាសាលានេះ ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ក្នុងការប្រកបអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

លោក កើត ឆែ បានលើកឡើងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ រដ្ឋបាលរាជធានីភ្នំពេញ និងខិតខំរៀបចំឲ្យមានកន្លែង សម្រាប់លក់ដូរផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្ហាញពីផលិតផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឲ្យមានស្តង់ដារអនាម័យខ្ពស់ និងតម្លៃ ក៏អាចទទួលយកបាន។

ទន្ទឹមនេះ លោក កើត ឆែ បានអំពាវនាវដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តផ្តល់កិច្ចសហការល្អ និងបង្កលក្ខណៈងាយស្រួលជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាបណ្តាអាជីវកម្មដ្ឋានស្របច្បាប់នានា ដើម្បីបង្កើននូវទំនុកចិត្ត និងបរិយាកាសវិនិយោគក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង៕