(ភ្នំពេញ)៖ លោក ប្រាំង ជលសា ទេីបត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។
លោក ប្រាំង ជលសា កើតក្នុងឆ្នាំ១៩៧៤ នៅរាជធានីភ្នំពេញ។ ក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពតត្រូវបានផ្តួលរលំ លោកបានត្រលប់ពីការជម្លៀសជិត ៤ឆ្នាំមកភ្នំពេញវិញ ហើយបានចូលរៀននៅសាលាឫស្សីកែវ និងបញ្ចប់មធ្យមសិក្សាកម្រិត២នៅសាលាភ្នំដូនពេញ នៅឆ្នាំ១៩៩០។
លោក ប្រាំង ជលសា បានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត តាមរយៈការប្រឡងប្រជែងដ៏តឹងរ៉ឹង ហើយបានបញ្ចប់ថ្នាក់វិស្វករអគ្គិសនីនៅឆ្នាំ១៩៩៥។
បន្ទាប់មក បានបន្តការសិក្សានៅសាលាជាតិជាន់ខ្ពស់វិស្វករអគ្គិសនីហ្គ្រេណូប នៃវិទ្យាស្ថានពហុបច្ចេកទេសហ្គ្រេណូប (École Nationale Supérieure d'Ingénieurs Electriciens de Grenoble (ENSIEG), Institut National Polytechnique de Grenoble (INPG)) ទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតអគ្គិសនី ជាបន្តបន្ទាប់នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០០ ដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង។
ក្រៅពីការសិក្សាជំនាញ លោក ប្រាំង ជលសា ក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលជាច្រើន រួមមានការសិក្សាគ្រប់គ្រងសេដ្ឋកិច្ចនយោបាយវិស័យថាមពល ពីវិទ្យាស្ថានសេដ្ឋកិច្ចនិងនយោបាយថាមពល (Institut d’Economie et de Politique de l’Energie) នៃសកលវិទ្យាល័យព្យែរម៉ង់ដេសហ្រ្វង់ (Université Pierre Mendès France) ឧបត្ថម្ភដោយក្រសួងការបរទេសបារាំង, ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តាមរយៈអង្គការ JICA នៅប្រទេសជប៉ុន និងនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB), តុល្យភាពថាមពល នៅទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) ទីក្រុងប៉ារីស ប្រទេសបារាំង និងនៅទីភ្នាក់ងារអន្តរជាតិថាមពលនុយក្លេអ៊ែរ (International Atomic Energy Agency) ស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងវីយែន ប្រទេសអូទ្រីស, ការធ្វើពាណិជ្ជកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រៀបចំនិងឧបត្ថម្ភដោយទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (U.S. Trade and Development Agency) នៅសហរដ្ឋអាមេរិក ជាដើម។
លោកក៏បានទទួលការបណ្តុះបណ្តាលក្នុងវគ្គអប់រំនយោបាយសម្រាប់យុវជនបន្តវេន កម្រិត១ ក្នុងជំនាន់ទី២៥ និងកម្រិត២ ក្នុងជំនាន់ទី១ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ប្រាំង ជលសា បានចូលក្របខ័ណ្ឌអគ្គិសនីកម្ពុជា នៅឆ្នាំ១៩៩៦ ហើយបានធ្វើការជាប់លាប់ ចាប់ពីដើមឆ្នាំ២០០១ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង។ លោកបានបន្តការងារតាមលំដាប់ថ្នាក់ មានតួនាទីតាំងពីមន្រ្តីធម្មតា រហូតដល់ទទួលបានការតែងតាំងជា អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដែលមានបទពិសោធន៍ជាអ្នកបច្ចេកទេសនាំមុខ ក្នុងការងារដោះស្រាយការងារនានាទាំងបញ្ហាប្រឈមបន្ទាន់ ក៏ដូចជាយុទ្ធសាស្រ្តវែងឆ្ងាយដោយផ្តោតយកផលប្រយោជន៍ជាតិជាចំបង និងបានកសាងប្រព័ន្ធអគ្គិសនី រួមទាំងការងារសហប្រតិបត្តិការជាមួយស្ថាប័នបរទេស នាំមកនូវផ្លែផ្កាជាទីមោទនៈជូនជាតិ។
ក្រៅពីការងារជំនាញ លោក ប្រាំង ជលសា តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម មនុស្សធម៌ នយោបាយ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលទទួលបានលទ្ធផលល្អប្រសើរគួរជាទីគាប់ចិត្ត។
ភាពជោគជ័យការងាររបស់លោក ប្រាំង ជលសា ទទួលបានដោយសារការបណ្តុះបណ្តាលណែនាំ និងគាំទ្របន្ថែមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងវិស័យថាមពលក៏ដូចជាមហាជនទូទៅ ជាពិសេសដោយផ្ទាល់ពី លោក កែវ រតនៈ និងលោក ស៊ុយ សែម៕